ភ្លើងប្រចណ្ឌបានឡេីងកម្តៅ! ធ្វើឱ្យបុរសជាប្តីប្រើប្រាស់កាំបិតកាប់ជាច្រើនកាំបិតទៅលើភរិយា
ភ្លើងប្រចណ្ឌបានឡេីងកម្តៅ! ធ្វើឱ្យបុរសជាប្តីប្រើប្រាស់កាំបិតកាប់ជាច្រើនកាំបិតទៅលើភរិយា បណ្តាលឱ្យរងរបួសធ្ងន់
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៨ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងបង្កដោយប្ដីឈ្មោះ ង៉ុយ សឿន អាយុ៥៤ឆ្នាំ មានទីលំនៅបណ្ដោះអាសន្នភូមិឃុំកើតហេតុខាងលើ បានយកកាំបិតកាចែតកាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះទី ស្រីណេត ហៅតយ អាយុ៣៦ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់៣កាំបិតត្រូវត្រង់ចំណុចក្បាលផ្នែកខាងក្រោយ ១កាំបិត, ស្មាខាងស្ដាំ១កាំបិតនិងត្រូវខាងក្រោយខ្នង១កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
ទទួលបានព័ត៌មាននេះនិងស្របតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងនគរបាលផែ្នកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង ចុះទៅឃាត់ខ្លួនជនសង័្សយជាប្តីនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ដោយដកហូតបានកាំបិត(ធំមួយ) ជាមធ្យោបាយប្រព្រឹត្តិអំពើល្មើសនេះផង។
នៅចំពោះមុខសមត្ថកិច្ចនគរបាលដែលសួរថា មូលហេតុអ្វីទើបកើតអំពើហិង្សាទាំងកណ្តាលរាត្រីបែបនេះ? ជនសង័្សយរូបនេះឆ្លើយសារភាពថា មូលហេតុដែលនាំទៅដល់ការប្រើប្រាស់អំពើហិង្សាបែបនេះទៅលើភរិយាជាទីស្រឡាញ់ទាំងកណ្តាលរាត្រីបែបនេះ គឺដោយសារតែរឿងប្រច័ណ្ឌខ្លាំងពេក និងធ្លាប់មានជម្លោះជាច្រើនលើកច្រើនសាកន្លងមកហើយ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ស្ត្រីជាភរិយាត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះឱ្យរួចផុតពីសេចក្តីស្លាប់ហើយ និងកំពុងបន្តសម្រាកព្យាបាលនៅឯមន្ទីរពេទ្យស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រីឯបុរសជាប្តីត្រូវបានសមត្ថកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តទៅតាមផ្លូវច្បាប់៕