Banner KNP Detail Top

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីឧបទ្ទវហេតុអគ្គិភ័យ នៅរោងចក្រ យីដា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីឧបទ្ទវហេតុអគ្គិភ័យ នៅរោងចក្រ យីដា បណ្តាលឲ្យកម្មការិនីស្លាប់ម្នាក់ និងរងរបួសស្រាលចំនួន ២០នាក់

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីឧបទ្ទវហេតុអគ្គិភ័យ នៅរោងចក្រ យីដា ហ្គាមេន Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យកម្មការិនីស្លា.ប់ម្នាក់ និងរងរបួសស្រាលចំនួន ២០នាក់ សរុបចំនួន ២១នាក់ (ស្រី ៤នាក់) ។
ករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមី សម្រាប់បោកគក់ នៃរោងចក្រ យីដា ហ្គាមេន ដែលមានអាសយដ្ឋានស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឧបទ្ទវហេតុអគ្គិភ័យនេះ បានបង្កឱ្យមានកម្មករនិយោជិតរងគ្រោះ សរុបចំនួន ២១នាក់ (ស្រី ៤នាក់) ក្នុងនោះរងរបួសស្រាលចំនួន ២០នាក់ និងស្លាប់ចំនួន ១នាក់ បន្ទាប់ពីបញ្ចូនទៅដល់មន្ទីរពេទ្យ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អោយដឹងបន្តថា កម្មករនិយោជិតទាំងអស់ បានទទួលការជួយសង្គ្រោះពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីគ្រប់អង្គភាពពាក់ព័ន្ធ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត គិតត្រឹមវេលាម៉ោង ៦និង៣០នាទីល្ងាចនេះ ជនរងគ្រោះចំនួន ១៧នាក់ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងចំនួន២នាក់ នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ រីឯជនរងគ្រោះចំនួន ១នាក់ទៀត ដែលសម្រាកនៅមណ្ឌលសុខភាពឈើទាល មានអាការៈធូរស្រាល និងបានវិលត្រឡប់ទៅគេហដ្ឋានវិញ។ ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្តិសុខសង្គម សាខាខេត្តកណ្តាល បានរៀបចំវិភាជន៍បូជាសព ផ្នែកហានិភ័យការងារចំនួន ១០លានរៀល ប្រគល់ជូនគ្រួសារសព និងបន្តជួយដោះស្រាយ ទុក្ខលំបាករបស់កម្មករនិយោជិតជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល និងក្រុមគ្រួសារ ស្របតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម ។
ក្រសួង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិតស្រលាញ់ជាទីបំផុត ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ នៃសព ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ ។
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការ និងយុទ្ធនាការរួមគ្នា ក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រោះអគ្គិភ័យដែលអាចកើតមាននៅតាមសហគ្រាស គ្រឹះស្ថានជាយថាហេតុ ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតអគារ១កន្លែង និងសម្ភារៈនៅខាងក្នុងអគារជាច្រើន និងមានកម្មការិនី១នាក់បានស្លាប់ឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នកដែលជួយពន្លត់ចំនួន៤នាក់ទៀត មានបញ្ហាថប់ដង្ហើមត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ មានដូចខាងក្រោម៖ ១-ឈ្មោះ សោម ប៊ុនថាត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ , ២-ឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ , ៣-ឈ្មោះ សៀង វុធ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ , ៤-ឈ្មោះ សាំង រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិឈើទាល ឃុំឈើទាល ស្រកកៀនស្វាយ ។ អគ្គិភ័យខាងលើនេះ ត្រូវបានពន្លត់១០០% នៅម៉ោង ៩និង៥០នាទីព្រឹក ។


លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំបញ្ជាដោយផ្ទាល់ ដោយមានការចូលរួមពីសហការី រួមទាំងបងប្អូនកម្មកររោងចក្រ ប្រជាការពារ និងអាជ្ញាធរពាក់ព័ន្ធបានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើការពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ៖ រថយន្តស្នងការខេត្ត០២គ្រឿង , រថយន្តអធិការដ្ឋានស្រុក០១គ្រឿង, រថយន្តក្រសួងមហាផ្ទៃ០២គ្រឿង, រថយន្តបុរីប៉េងហួត០២គ្រឿង, រថយន្តកោះនរា០២គ្រឿង, រថយន្តបញ្ជាការដ្ផានអង្គរក្ស០២គ្រឿង, រថយន្តរដ្ឋបាលខណ្ឌច្បារអំពៅ០១គ្រឿង, រថយន្តស្រាបៀរ ម៉ាឌ្រីត០១គ្រឿង, រថយន្តអង្គភាពពន្លត់អគ្គិភ័យ711 ចំនួន០២គ្រឿង , រថយន្តសង្គ្រោះមានចំនួន១០គ្រឿង, រថយន្តពេទ្យស្នងការដ្ឋាននគរបាលខេត្ត០១គ្រឿង, រថយន្តមណ្ឌលសុខភាពឃុំឈើទាល០១គ្រឿង, រថយន្តមណ្ឌលសុខភាពសង្កាត់សិត្បូ០១គ្រឿង, រថយន្តមន្ទីពេទ្យបង្អែកខេត្ត០១គ្រឿង, រថយន្តមន្ទីពេទ្យបង្អែកស្រុក០១គ្រឿង, រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកស្អាង០១គ្រឿង, រថយន្តពេទ្យឃុំសំរោងធំ០១គ្រឿង, រថយន្តពេទ្យឃុំគគីរធំ០១គ្រឿង, រថយន្តពេទ្យឃុំគគីរ០១គ្រឿង, រថយន្តពេទ្យឃុំបន្ទាយដែក០១គ្រឿង។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះដឹកនាំបញ្ជាក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្គ្រោះកម្មករ ដែលនៅក្នុងគ្រោះថ្នាក់នេះដោយមានការសហការពីនាយកដ្ឋានពន្លត់អគ្គិភ័យ បញ្ជាការដ្ឋានអង្គរក្ស រាជធានីភ្នំពេញ បុរីប៉េងហួត និងរថយន្តពន្លត់អគ្គិភ័យដែលមាននៅតាមរោងចក្រក្បែរទីតាំងកើតហេតុ។ ខណៈអគ្គិភ័យ ត្រូវបានគ្រប់គ្រងបាន១០០% ៕

អត្ថបទដែលជាប់ទាក់ទង