Banner KNP Detail Top

ព័ត៌មានមិនពិត បង្កើតឡើងដោយផេកក្លាយឈ្មោះ ” NI NI ” នៃក្រុមរកស៊ីចងការប្រាក់

ព័ត៌មានមិនពិត បង្កើតឡើងដោយផេកក្លាយឈ្មោះ ” NI NI ” នៃក្រុមរកស៊ីចងការប្រាក់

ព័ត៌មានមិនពិត បង្កើតឡើងដោយផេកក្លាយឈ្មោះ ” NI NI ” នៃក្រុមរកស៊ីចងការប្រាក់ ដែលគ្មានវិជ្ជាជីវៈ គ្មានសីលធម៌ ដែលកំពុងតែបំពុលសង្គមកម្ពុជា ទាញយករូបកូនបំណុល ឬអ្នកមិនដឹងអ្វីទៅផុសធ្វើការអត្ថាធិប្បាយក្នុងចេតនាធ្វើឱ្យអាម៉ាស់ ប៉ះពាល់ដល់សិទ្ធិមនុស្ស សិទ្ធិបុគ្គល ខ្លះទៀតកំហែងយកប្រាក់ មានចរិតបរិហារកេរ្តិ៍ជាសាធារណៈ គំរាមកំហែង និងញុះញង់ឱ្យមានការរើសអើង។ ក្រុមហ៊ុន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានច្បាប់អនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា ដែលមានវិជ្ជាជីវៈត្រឹមត្រូវ គេពុំដែលយករូបកូនបំណុលទៅបង្ហោះបរិហារជាសាធារណៈដូចក្រុមរកស៊ីគ្មានច្បាប់ឡើយ ខុសត្រូវត្រង់ណា គេទៅរកអាជ្ញាធរមានសមត្ថកិច្ចឱ្យជួយដោះស្រាយ ឬប្ដឹងផ្ដល់គ្នាតាមនីតិវិធីច្បាប់។


តាមផ្លូវច្បាប់ ជនរងគ្រោះនានាអាចទៅដាក់ពាក្យបណ្តឹងនៅតុលាការ និងអាចទាមទារសំណងជំងឺចិត្តពីអ្នកផុសរូប ពីអ្នកគំរាមកំហែង ឬពីអ្នកដែលបានបរិហារកេរ្តិ៍ទាំងនោះបានរាប់ពាន់ រាប់ម៉ឺនដុល្លារ ឬធ្វើសេចក្តីរាយការណ៍ទៅសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីការពារសន្តិសុខ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។ ការជំពាក់ប្រាក់មិនទាន់សង មិនមែនជាបទល្មើស “ឆបោក” ទេ តាមផ្លូវច្បាប់គូភាគីប្ដឹងផ្ដល់គ្នាតាមលំហូរនីតិវិធីរដ្ឋប្បវេណី។ ចំណែកបទល្មើស ឆបោក មានសម្អាងច្បាស់លាស់ ដូចជា ក្លែងបន្លំឯកសារ ឋានៈ តួនាទី..ជាដើម។ល។ ទើបជាបទល្មើសព្រហ្មទណ្ឌ។
កិច្ចសន្យានានា ដែលក្រុមកម្ចីខុសច្បាប់ឱ្យធ្វើ ដូចជា ៖ ឱ្យថតជាវីដេអូននិយាយពីការខ្ខីប្រាក់ ឲ្យថតជារូបភាពមានកាន់អត្តសញ្ញាណបណ្ណ ឱ្យផ្ដិតមេដៃអះអាងថាបើគ្មានប្រាក់សងត្រូវរឹបអូសយកទ្រព្យសម្បត្តិដោយមិនឆ្លងកាត់ប្រព័ន្ធតុលាការ ឬឱ្យផុសរូបខ្លួនជាកូនបំណុល និងសាច់ញាតិ មិត្តភក្តិក្នុងបណ្ដាញសង្គមដើម្បីធ្វើឲ្យអាម៉ាស់ក្ដី ក៏នោះសុទ្ធតែជាកិច្ចសន្យាដែលខុសច្បាប់ ដែលច្បាប់មិនអនុញ្ញាតឡើយ ព្រោះវាប៉ះពាល់ដល់សិទ្ធិបុគ្គល និងសិទ្ធិមនុស្ស បើទោះជាសាមីខ្លួនឆោតល្ងង់ព្រមធ្វើទៅតាមការចង់បានរបស់ម្ចាស់កម្ចីក៏ដោយ។


ជនរងគ្រោះនានា តាមរយៈសារព័ត៌មានស្វែងយល់ការពិត សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាកុំ Like កុំ Share ព័ត៌មាន ឬរូបភាពដែលក្រុមកម្ចីអនឡាញទាំងនេះបានផុសដោយអសីលធម៌ ព្រោះថ្ងៃណាមួយអាចនឹងប៉ះចំបងប្អូន មិត្តភក្តិ និងសាច់ញាតិរបស់បងប្អូនជាមិនខាន។ មួយវិញទៀត ការមាន friend ជាមួយ ឬទទួល friend ពីក្រុមនេះ បែរជាលើកទឹកចិត្តឲ្យក្រុមរកស៊ីខុសច្បាប់នេះ កាន់តែបានចិត្ត និងបង្កមធ្យោបាយឱ្យពួកនេះ កាន់តែមានលទ្ធភាពវាយប្រហារលើជនរងគ្រោះកាន់តែខ្លាំងទៅវិញទេ ៕

អត្ថបទដែលជាប់ទាក់ទង