Banner KNP Detail Top

ឃាត់ខ្លួន៣នាក់ ក្រុមឆបោកប្រាក់ប្រជាពលរដ្ឋរឿងដីធ្លី ស្រុកលំផាត់

ឃាត់ខ្លួន៣នាក់ ក្រុមឆបោកប្រាក់ប្រជាពលរដ្ឋរឿងដីធ្លី ស្រុកលំផាត់


ខេត្តរតនគីរី៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនៃអធិការនគរបាលស្រុកលំផាត់ បានធ្វើការឃាត់ខ្លួនក្រុមឆបោកប្រាក់ប្រជាពលរដ្ឋរឿងដីធ្លីចំនួន ៣នាក់។
លោក ក្លល់ ថើង អធិការដ្ឋាននគរបាលស្រុកលំផាត់ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកអនុវត្តតាមបទបញ្ជារបស់ព្រះរាជអាជ្ញា ព្រោះជនសង្ស័យទាំង៣នាក់នេះ ជាប់ពាក់ព័ន្ធករណីបំផុសបំផុលឲ្យប្រជាពលរដ្ឋផ្ដិតមេដៃចែកដីធ្លី ខណៈអាជ្ញាធរស្រុក ខេត្តមិនបានដឹង។
ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១/ ឈ្មោះ ណយ ចិន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។ ទី២/ឈ្មោះ ឡុង ចិន្តា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅចំណុចអូររ៉ាហា ស្ថិតក្នុងភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី និងទី៣/ឈ្មោះ គឹម ប៊ុនហន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនចម្ការចេក ស្នាក់នៅភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

ឃាត់ខ្លួនជនទាំង៣នាក់នេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួនដូចជា ក្រដាសដែលមានបញ្ជីឈ្មោះ និងស្នាមមេដៃប្រជាពលរដ្ឋចំនួន៣៤សន្លឹក, បណ្ណ១សន្លឹក , ពាក្យស្នើសុំជួយអន្តរាគមន៍២សន្លឹក, លិខិតបញ្ជាបេសកកម្ម១សន្លឹក , ក្រដាសឡូហ្គោអង្គការ១សន្លឹក, បង្កាន់ដៃទទួលពាក្យស្នើសុំប្រើប្រាស់ដីធ្លី២សន្លឹក និងពាក្យស្នើសុំអាស្រ័យផលដីធ្លី១សន្លឹក។
ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលំផាត់រៀបចំសំណុំរឿងបញ្ជូនមកតុលាការខេត្តរតនគីរី នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង