ថ្មីចេស! ក្រុមចោរឆាតឲ្យម្ចាស់ម៉ូតូ មកយកវិញ ព្រោះជាអ្នកធ្លាប់ស្គាល់គ្នា បង្កការភ្ញាក់ផ្អើល
ថ្មីចេស! ក្រុមចោរឆាតឲ្យម្ចាស់ម៉ូតូ មកយកវិញ ព្រោះជាអ្នកធ្លាប់ស្គាល់គ្នា បង្កការភ្ញាក់ផ្អើល
ភ្នំពេញ ៖ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុង ទល់មុខរោងចក្រ QMI ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ បុរសម្នាក់ជិះម៉ូតូទៅបត់ជើងតូចនៅកន្លែងស្ងាត់ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូបានសម្រេច ក្រោយមកជនសង្ស័យក៏បានយកម៉ូតូមកអោយប្អូនរបស់ម្ចាស់ម៉ូតូវិញ ព្រោះតែជនសង្ស័យ និងម្ចាស់ម៉ូតូរងគ្រោះរូបនោះ គឺជាអ្នកធ្លាប់ស្គាល់គ្នា ដូច្នេះដោយគ្រាន់តែកាច់យកស្លាកលេខ និងយកលុយអស់៣០ម៉ឺនរៀលនៅក្នុបកែបម៉ូតូតែប៉ុណ្ណោះ ។
ជនរងគ្រោះ មានឈ្មោះ ឃៀង ចំរើន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅភូមិដកពរ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅនោះម៉ាកហុងដាឌ្រីម ស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V-5548។
ជនរងគ្រោះ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់ និងមិត្តភ័ក្ដិមានគ្នា៣នាក់ បានផឹកស៊ីនៅសួនច្បាររបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លុះបន្ទាប់មករូបគាត់ (ជនរងគ្រោះ) ក៏បានជិះម៉ូតូទៅបត់ជើងតូចនៅកន្លែងងងឹតជិតខ្លោងទ្វារវត្តទួលសុភាឃួន។ ខណៈពេលនោះរូបគាត់ (ជនរងគ្រោះ) ជិះម៉ូតូឆ្លងផ្លូវសហព័ន្ធរុស្ស៊ី ក៏ត្រូវក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ បានជិះតាមរូបគាត់រហូត បន្ទាប់មកគាត់ (ជនរងគ្រោះ) ក៏ជិះម៉ូតូទៅមុខទៀត ក៏ស្រាប់តែក្រុមជនសង្ស័យខាងលើ ជិះដេញតាមគាត់ជាច្រើនម៉ែត្រ ធ្វើអោយរូបគាត់ (ជនរងគ្រោះ) ភិតភ័យយ៉ាងខ្លាំង ទើបគាត់ជិះម៉ូតូរត់តែម្តង បន្ទាប់មកក្រុមជនសង្ស័យក៏ជិះម៉ូតូដេញតាម ប្រដាប់ដោយកាំបិតប៉័ងតោ និងរណាអារទឹកកក ដេញកា.ប់រូបគាត់ (ជនរងគ្រោះ) ធ្វើឲ្យអោយគាត់ភ័យយ៉ាងខ្លាំង ហើយណាមួយម៉ូតូអស់សាំងទៀត គាត់ក៏បានផ្តួលម៉ូតូ រួចរត់ចោលម៉ូតូតែម្តង។
ជនសង្ស័យដឹងខ្លួនថា ជនរងគ្រោះជាអ្នកធ្លាប់ស្គាល់គ្នា ហើយជនសង្ស័យក៏បានឆាតមកជនរងគ្រោះអោយមកយកម៉ូតូវិញ តែជនរងគ្រោះមិនហ៊ានទៅយកនោះទេ។ លុះក្រោយកើតហេតុជាង២ម៉ោង ជនរងគ្រោះក៏បានឆាតទៅជនសង្ស័យទៀត តែជនសង្ស័យបាននិយាយប្រាប់ថា ម៉ូតូនេះពួកគេយកទៅលក់បាត់ហើយ ទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣តែម្តង។ ប៉ុន្តែខណៈពេលកំពុងតែដាក់ពាក្យបណ្ដឹងនោះ ក៏បានលឺដំណឹងថា ជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះទៅអោយប្អូនជនរងគ្រោះវិញហើយនៅមុខផ្ទះ តែជនសង្ស័យបានកាច់យកស្លាកលេខបាត់ទៅហើយ។
ករណីជនសង្ស័យកាច់ស្លាកលេខ និងយកលុយក្នុងកែបម៉ូតូអស់ចំនួន៣០ម៉ឺនរៀល បន្ទាប់ពីទទួលពាក្យបណ្ដឹងជនរងគ្រោះរួច សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យ និងបក្សពួកដែលធ្វើសកម្មភាពយកមកផ្តល់ផ្តន្ទាទោសតាមច្បាប់ ដោយឡែកម៉ូតូរបស់ជនសង្ស័យវិញ សមត្ថកិច្ចរក្សាទុកសិន៕