Banner KNP Detail Top

ជំនន់ទឹកស្ទឹងព្រែកត្នោត នៅក្នុងខេត្តកំពង់ស្ពឺ នៅខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ បានស្រកទៅវិញអស់ហើយ

ជំនន់ទឹកស្ទឹងព្រែកត្នោត នៅក្នុងខេត្តកំពង់ស្ពឺ នៅខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ បានស្រកទៅវិញអស់ហើយ


ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលបានកើតមានឡើង ក្រោយពីមានភ្លៀងធ្លាក់ខុសប្រក្រតី ជាបន្តបន្ទាប់ ពីចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមករា ដល់កម្រិតពីជាង ២០០ មីលីម៉ែត្រ ទៅជាង ៣០០ មីលីម៉ែត្រ នៅសងខាងផ្ទៃរងទឹកភ្លៀង ស្ទឹងព្រែកត្នោត ធ្វើឱ្យមានការលិចលង់ តំបន់មួយចំនួន នៅតាមសងខាងដងស្ទឹង ក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានស្រកអស់ទៅវិញហើយ។
ជំនន់ទឹកស្ទឹងព្រែកត្នោត នៅក្នុងខេត្តកំពង់ស្ពឺ នៅខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ បានស្រកទៅវិញអស់ហើយ ស្ថានភាពទឹក ស្ថិតនៅក្រោមការគ្រប់ គ្រងបានទាំងស្រុង ដោយទ្វារទឹកខ្លះ បានបិទទៅវិញ ដើម្បីរក្សាទឹកទុក សម្រាប់ស្រោច ស្រពដំណាំ និងទុកប្រើប្រាស់ប្រចាំថ្ងៃ នៅពេលខាងមុខ។ ចាប់ពីពេលនេះ រហូតដល់ដាច់ ខែមករា គឺមិនឃើញមានភ្លៀងធ្លាក់ ខុសប្រក្រតី កើតឡើងទៀតទេ។
អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បានបញ្ជាក់ថា ទឹកស្ទឹងព្រែកត្នោត ទាំងនៅក្នុងខេត្ត កំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ពេលនេះ ស្ថិតនៅក្នុងការគ្រប់គ្រង បានទាំងស្រុង និងទ្វារអាងទឹកខ្លះ បានបិទ ដើម្បីរក្សាទឹកទុក សម្រាប់ស្រោចស្រពដំណាំ និងទឹកប្រើប្រាស់ នៅពេលខាងមុខ។ ចំណែកស្ថានភាពភ្លៀងវិញ ពីពេលនេះ រហូតដល់ដំ ណាច់ខែមករា គឺមិនឃើញមាន គួរកត់សម្គាល់ទេ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបង្ហាញឱ្យ ឃើញ ពីស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅខេត្តកំពង់ស្ពឺ ថា នៅពាមឃ្លៃ ទឹកមានកម្ពស់ ៥,៥០ ម៉ែត្រ ទាបជាងថ្ងៃទី១៧ ខែមករា ០,៥០ ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន ០,៥០ ម៉ែត្រ) នៅរលាំងជ្រៃ ទឹកមានកម្ពស់ ៧,៣២ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៧ មករា ០,២៤ ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ) បើកទ្វារទឹក ទាំង៥ កម្ពស់ ០,៤០ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ។
លោក ជា សុខនី នាយករងខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យថា ទឹកស្ទឹងព្រែកត្នោត នៅខាងក្រោមទំនប់ ៧មករា ថ្ងៃទី១៨ ខែមករា បានស្រកចុះរហូតដល់ជាង ២ ម៉ែត្រ ក្រោយពីព្រែកថី បានបាក់ស្រុត ធ្លាក់ផ្ទះ អស់មួយចំនួន ចូលក្នុងព្រែក ដោយសារទឹកព្រែកខ្ពស់ជាងទឹកទន្លេបាសាក់ ហូរ ចុះខ្លាំង។
ស្ថានភាពទឹកនៅខាងមុខទ្វារទឹក មានកម្ពស់ ៥,០៨ ម៉ែត្រ ទាបជាងថ្ងៃទី១៧ មករា ០,៣៦ ម៉ែត្រ បើកទ្វារធំដោះទឹកកម្ពស់ ០,៨០ ម៉ែត្រ ចំនួន២ទ្វារ ។ នៅខាងក្រោយទ្វារទឹក មានកម្ពស់ ៥,៤០ ម៉ែត្រ ទាបជាងថ្ងៃទី១៧ មករា ២,៩០ ម៉ែត្រ។ កម្ពស់ទឹកមុន និងក្រោយទ្វារទឹក ទំនប់៧មករា ខុសគ្នា ២,៦៨ ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែមករាថាៈ ព្រះរាជាណាចក្រ កម្ពុជា ទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន បក់ក្នុងល្បឿន ពីមធ្យមទៅបង្គួរ ធ្វើឱ្យអាកាសធាតុ អាចចុះត្រជាក់ ក្នុងកម្រិតមធ្យម។
ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២០ ទៅ ២៣ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាកាសធាតុ អាចចុះត្រជាក់ ក្នុងកម្រិតមធ្យម ពិសេសនៅតំបន់ទំនាបភាគពាយព្យ ដូចជាខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។
នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ពី ១៧ ទៅ ២១ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ ។ អាកាសធាតុ អាចចុះត្រជាក់ ក្នុងកម្រិតពីមធ្យម ទៅបង្គួរ ពិសេសជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ៕

អត្ថបទដែលជាប់ទាក់ទង