Banner KNP Detail Top

ជនសង្ស័យ២នាក់ ក្នុងចំណោម៧នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាវាយ និងកាប់ម៉ូតូ

ជនសង្ស័យ២នាក់ ក្នុងចំណោម៧នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាវាយ និងកាប់ម៉ូតូ

ខេត្តស្វាយរៀង: នៅរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២៣នេះ ជនសង្ស័យ២នាក់ក្នុងចំណោម៧នាក់ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅតុលាការពាក់ព័ន្ធករណីហិង្សាវាយនិងកាប់ម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យរងការខូចខាត។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផារ៉ា ឆានី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(អ្នកវាយ) និងឈ្មោះ កែវ លីម៉េង ហៅញ៉ា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(អ្នកកាប់) ។
ចំណែកម៉ូតូដែលត្រូវជនសង្ស័យកាប់បំផ្លាញម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ចំនួន០២គ្រឿងនិងស៊េរីឆ្នាំ២០០៤ ឡើងតែម២០១៥ ចំនួន ០១គ្រឿង បានរងការខូចខាតផ្នែកក្បាលម៉ូតូ ចង្កៀងមុខ ក្បាំង និងកន្ទុយម៉ូតូ ថែមទាំងដកយកសោម៉ូតូទៅបាត់។
រីឯជនសង្ស័យ៥នាក់ទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្ទន្ទាទោសឱ្យខាងតែបាន។
សមត្ថកិច្ចបានបញ្ជាក់ថាកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលបណ្តឹង០៣ច្បាប់ពីជនរងគ្រោះ ១-ឈ្មោះ យឿន ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រអេអិនជេ មានទីលំនៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ ទី២-ឈ្មោះពុត ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី៣-ឈ្មោះ ប្រាក់ ហ៊ាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យឈ្មោះ ផារ៉ា ឆានី និងគូកន ដែលបានធ្វើសកម្មភាពស្ទាក់កាប់ម៉ូតូរបស់ពួកខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចខាងកើតស្ថានីយប្រេងឥន្ធន:តូតាល់ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រួចមកក្រុមជនសង្ស័យក៏នាំគ្នារត់គេចខ្លួនបាត់ភ្លាមៗតែម្ដង។
ក្រោយពីទទួលបណ្តឹងភ្លាម សមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុប្រមូលវត្ថុតាង(ម៉ូតូ០៣គ្រឿង) យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១និង២៥នាទីយប់ ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ ហើយបាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីសាកសួរ ។
សមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនទាំង០២នាក់និងគូកន ពិតជាបានធ្វើសកម្មភាពវាយនិងកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះទាំង០៣នាក់ខាងលើ ប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង