Banner KNP Detail Top

អ្នកដឹកអាហារពេលយប់ម្នាក់ ត្រូវបានជនដៃដល់កាប់ប្លន់យកម៉ូតូ១គ្រឿង ក្នុងទឹកដីខណ្ឌដង្កោ ទៅបាត់

អ្នកដឹកអាហារពេលយប់ម្នាក់ ត្រូវបានជនដៃដល់កាប់ប្លន់យកម៉ូតូ១គ្រឿង ក្នុងទឹកដីខណ្ឌដង្កោ ទៅបាត់

ភ្នំពេញ ៖ បុរសជាអ្នកដឹកម្អូបអាហារម្នាក់ ត្រូវបានជនដៃដល់ម្នាក់ប្រដាប់ដោយដាវ និងកាំបិត ពួនស្ទាក់កាប់ប្លន់យកម៉ូតូ ១គ្រឿង បានសម្រេច ជិះគេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចក្បែរស្តុបឫស្សីផ្អែម ផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ព្រៃ.ស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាកហុងដាឌ្រីម ១គ្រឿង ពណ៌.ស ពាក់ផ្លាកលេខ ភ្នំពេញ 1KG-7310 ធ្វើដំណើរចេញពីម្តុំស្តុបលូប្រាំ ទៅកាន់បន្ទប់ជួលមួយកន្លែងក្បែរស្តុបឫស្សីផ្អែម ខណ:ដល់បន្ទប់ជួល មិនទាន់បានបើកទ្វារចូលគេងផង ព្រោះឆ្លៀតអង្គុយលេងក្បែរនោះមួយសន្ទុះ ក៏ស្រាប់តែលេចមុខបុរសជាជនសង្ស័យម្នាក់ ដើរចូលមកប្រដាប់ដោយកាំបិត កាប់ប្រហារមកលើខ្លួនតែម្ដង គឺកាប់ជាច្រើនកាំបិត, ពេលនោះដែរ រូបខ្លួនក៏បានស្រែកហៅអ្នកជិតខាងជួយ តែគ្មានអ្នកណាជួយបាននោះឡើយ រីឯចោរក៏បានឡើងម៉ូតូជិះម៉ូតូរបស់ខ្លួន គេចចេញទៅបាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុមួយសន្ទុះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃ.ស បានមកដល់នាំយករូបខ្លួនជាជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យយកមកចាត់ការទៅតាមនិតិវិធីច្បាប់។
ប្រជាពលរដ្ឋបានរអ៊ូរទាំថា តាមផ្លូវបេតុងចាប់ពីម្ដុំឫស្សីផ្អែម រហូតទៅដល់វត្តឬស្សីសាញ់ និងនៅម្ដុំដីថ្មីក្នុងទឹកដីខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ សំបូរក្មេងទំនើងប្រើដាវ និងកាំបិតកាប់ប្លន់ណាស់, ជួនកាលពួកគេឈ្លោះគ្នាខឹងក្មេងទំនើងគ្នាគេមកពីណា ក៏ពួនស្ទាក់កាប់មនុស្សក៏មាន, យូរៗទៅ ព្រហើនហ៊ានដល់កាប់ប្លន់ទ្រព្យសម្បត្តិតែម្ដង ជាក់ស្ដែងករណីកាប់ប្លន់នេះជាដើម៕

អត្ថបទដែលជាប់ទាក់ទង