Banner KNP Detail Top

កម្មករកម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ហុង វ័ន ខេមបូឌា ហ្កាមេន ជិត១ពាន់នាក់ ខកខានមិនបានធ្វើការងារ រយៈពេល៥ថ្ងៃមកហើយ

កម្មករកម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ហុង វ័ន ខេមបូឌា ហ្កាមេន ជិត១ពាន់នាក់ ខកខានមិនបានធ្វើការងារ រយៈពេល៥ថ្ងៃមកហើយ

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មករកម្មការិនីទាំងនោះបានបន្តប្រមូលផ្ដុំគ្នានៅមុខរោងចក្រដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីចោមចៅ ហៅផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើកូដកម្មបន្តទៀត ។

កម្មករកម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ហុង វ័ន ខេមបូឌា ហ្កាមេន ជិត១ពាន់នាក់បានខកខានមិនបានធ្វើការងាររយៈពេល៥ថ្ងៃមកហើយ ដោយពួកគាត់បានរវល់តែប្រមូលផ្ដុំគ្នាធ្វើកូដកម្មទាមទារឲ្យថៅកែរោងចក្រ តម្លើងប្រាក់ឈ្នួលដល់ពួកគាត់ម្នាក់ៗឲ្យបានជាង២០០ដុល្លារ ។
កម្មករបាននិយាយថា នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ហុង វ័ន ខេមបូឌា ហ្កាមេននេះ មានកម្មករ កម្មការិនី បម្រើការងារចំនួន៩៤៨នាក់ ហើយបាននាំគ្នាធ្វើកូដកម្មទាំងអស់គ្នាតែម្ដង ដើម្បីទាមទារសុំឲ្យថៅកែដំឡើងប្រាក់ឈ្នួល ។

ទី១, កម្មករដែលមានជំនាញខាងដេរ ម៉ាស៊ីន១សុំដំឡើងប្រាក់ឈ្នួលឲ្យដល់ចំនួន២០៤ដុល្លារ, ទី២ កម្មករដែលជំនាញខាងដេរម៉ាស៊ីន២ សុំដំឡើងឲ្យដល់ចំនួន២០៨ដុល្លារ , និងទី៣ កម្មករខាងដេរម៉ាស៊ីន៣ សុំដំឡើងឲ្យដល់ចំនួន២១២ដុល្លារ ។
ក្រុមកម្មករខាងលើបានរៀបរាប់ប្រាប់ទៀតថា សព្វថ្ងៃពួកគាត់ខ្លះទទួលបានប្រាក់ឈ្នួលក្រោម២០០ដុល្លារក្នុង១ខែ រីឯអ្នកខ្លះទៀតត្រឹមតែ២០០ដុល្លារប៉ុណ្ណោះក្នុង១ខែ ហើយការចំណាយវិញគ្រប់បែបយ៉ាង ដែល១ខែៗស្ទើរគ្មានសល់ឡើយ ។


ដោយសារតែបែបនេះ ពួកគាត់បានស្នើរសុំឲ្យថៅកែដំឡើងប្រាក់ឈ្នួលឲ្យដូចចំនួនខាងលើ ប៉ុន្តែថៅកែមិនអើពើ និងសំណូមពរនេះសោះ ទើបនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ពួកគាត់អត់ចូលធ្វើការរួចបានប្រមូលផ្តុំគ្នាធ្វើកូដកម្មតវ៉ាសុំដំឡើងប្រាក់ឈ្នួលនេះតែម្ដង ។
ក្រោយពេលផ្ទុះការតវ៉ាអាជ្ញាធរសង្កាត់ ខណ្ឌ និងខាងមន្ត្រីក្រសួងការងារ ព្រមទាំងស្ថប័នពាក់ព័ន្ធដទៃទៀតបានទៅធ្វើការសម្របសម្រួល និងរកដំណោះស្រាយ ។ ប៉ុន្តែមិនមានលទ្ធផលណាមួយនៅឡើយ ទើបការតវ៉ាបានអូសបន្លាយរហូតមកដល់ពេលនេះ ហើយមន្ត្រីខាងលើនៅតែរកដំណោះស្រាយសម្រាប់ពួកគាត់ទាំងអស់គ្នាបន្តទៀតដែរ ប៉ុន្តែពួកគាត់ទទួលដំណឹងថា នៅមិនទាន់ចេញជាលទ្ធផលដដែល ៕

អត្ថបទដែលជាប់ទាក់ទង