Banner KNP Detail Top

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋបានដើរលេងកំសាន្តយ៉ាងសប្បាយរីករាយ ថ្ងៃពិធីបុណ្យទន្លេ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋបានដើរលេងកំសាន្តយ៉ាងសប្បាយរីករាយ ថ្ងៃពិធីបុណ្យទន្លេ

ខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអាទិត្យទី១៧ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញពីទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋបានដេីរលេងកំសាន្តយ៉ាងសប្បាយរីករាយថ្ងៃពិធីបុណ្យទន្លេ ទស្សនាស្តង់ពិព័រណ៌ ភ្លកម្ហូបអាហារ រីករាយនៃការជួបជុំ និងជាមួយផ្ទាំងទស្សនីយភាពជាច្រេីនទៀតទាំងតាមដងស្ទឹង តំបន់កំសាន្តផ្សេងៗផងដែរ។
សូមជម្រាបជូនថា បើយោងតាមប្រភពព័ត៌មានពីប្រធានមន្ទីរទេសចរណ៍ស្តីទីខេត្តសៀមរាប បានឱ្យដឹងកាលពីម្សិ់លមិញនេះថា នាឱកាសពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នៅថ្ងៃទី១ គឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តបុណ្យទន្លេ លើកទី៨នៅខេត្តសៀមរាបសរុបប្រមាណ ១៦១.២៧២ នាក់ ក្នុងនោះ ទេសចរជាតិ ចំនួន ១៥០.០០០ នាក់ក្នុងនោះបងប្អូនប្រជាពលរដ្ឋសរុបក្នុងខេត្តសៀមរាប ចំនួន ៦៥.០០០ នាក់ទេសចរបរទេស ចំនួន ១១.២៧២ នាក់។
ដោយឡែកបេីតាមការបញ្ជាក់ពីលោក សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ អះអាងថា ក្នុង១ថ្ងៃ មានភ្ញៀវទេសចរប្រមាណ ៥០០០នាក់ បានមកទស្សនារមណីយដ្ឋានអង្គរ។ លោកបានបន្ថែមថា ជាមធ្យម ភ្ញៀវទេសចរបរទេស ចំណាយថវិកាប្រហែលជាង ៦៥០ដុល្លារ ក្នុងរយៈពេល ៦ថ្ងៃ ក្នុងការទស្សនាប្រទេសកម្ពុជា។
គួរបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។
ក្នុងនោះផងដែរ រាជរដ្ឋាភិបាលក៏បានកំណត់យកខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលមានលក្ខណៈពហុវិស័យ ក្នុងចំណោមប៉ូលទាំង៥ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចទៅក្នុងសៀមរាប និងខេត្តដទៃទៀត ជាពិសេស វិស័យទេសចរណ៍ តាមរយៈការទាក់ទាញពីសក្តានុពលពីខេត្តសៀមរាប តភ្ជាប់ទៅកាន់សក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗដទៃទូទាំងប្រទេស ដែលតម្រូវឱ្យដាក់ចេញនូវវិធានការណ៍ពិសេស និងគន្លឹះក្នុងការទាក់ទាញក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និងត្រូវបានប្រកាស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិការដ្ឋាភិបាល-ឯកជន លើកទី១៩ នៅវិមានសន្តិភាព ដោយមានវិធានការចំនួន ៨ ក្នុងការស្តារវិស័យទេសចរណ៍ខេត្តសៀមរាបរួមមាន៖
១. ការរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍
២. ការរៀបចំ និងដាក់ចេញផែនការសកម្មភាពជាក់លាក់ “ទស្សនាសៀមរាប ឆ្នាំ២០២៤”
៣. រៀបចំបដិសណ្ឋារកិច្ចតាមច្រកព្រំដែន
៤. ការពង្រីកវិសាលភាពបណ្ណព្រំដែន
៥. ការផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប
៦. ការលើកទឹកចិត្តផ្នែកពន្ធដារ
៧. លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៏ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៏ទេសចរណ៍
៨. ការតភ្ជាប់ជើងហោះហើរដោយត្រង់ពីគោលដៅទេសចរណ៍ល្បីមកសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង