Banner KNP Detail Top

ចាប់យកត្រីលក់លើទីផ្សារ ក្នុងខេត្តស្ទឹងត្រែង ដែលអ្នកនេសាទប្រើថ្នាំបំពុល

ចាប់យកត្រីលក់លើទីផ្សារ ក្នុងខេត្តស្ទឹងត្រែង ដែលអ្នកនេសាទប្រើថ្នាំបំពុល យកទៅដុតកម្ទេចចោល

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងសហការជាមួយគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង បានសម្រេចដុតកម្ទេចចោលត្រីដែលបានមកពីការនេសាទដោយបំពុលថ្នាំមកលក់លើទីផ្សារដែលបង្កផលប៉ះពាល់ដល់អ្នកទិញបន្តទៅបរិភោគ ។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមីនា ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងរួមគណៈកម្មការផ្សារសាមគ្គីបានចុះត្រួតពិនិត្យត្រីលក់នៅផ្សារ ដែលបានមកពីការបំពុលថ្នាំ ជាលទ្ធផលជំនាញបានដកហូតប្រភេទត្រីប្រាកែចំនួន៥០គីឡូក្រាម និងធ្វើកិច្ចសន្យាជាមួយអាជីវករចំនួន ០៣នាក់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ត្រីទាំងនេះ គឺបងប្អូនអាជីវករយល់ព្រមប្រគល់ជូនសមត្ថកិច្ចយកទៅបំផ្លាញចោលតាមនីតិវិធី ហើយត្រីទាំងនេះ គឺបានទិញពីប្រជានេសាទមកពីខាងស្រុកសៀមបូក និងតំបន់រ៉ាមសារ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។

កន្លងមកនុយដែលប្រជានេសាទប្រើក្នុងការបំពុលត្រីមានដូចជាបាយដំណើប ត្រីល្អិតកាត់ជាកង់ៗ ក្ដាម សាច់គោ… លាយជាមួយសារធាតពុល ដើម្បីបោះចូលទឹកឲ្យត្រីស៊ី ។
លោក សឹង មុន្នីរ័ត្ន ប្រធានគណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែងបានបញ្ជាក់ នាព្រឹកថ្ងៃទី២៨ ខែមីនានេះថា ក្រោយការពិនិត្យរកឃើញសារធាតុពុលនៅក្នុងសាច់ត្រី ជំនាញក៏បានដកហូតពីអាជីវករយកទៅរក្សាទុករង់ចាំប្រធានៗសម្រេច និងឯកភាពលើការបំផ្លាញចោលនោះទើបនៅព្រឹកថ្ងៃទី២៨ បានដុតបំផ្លាញចោលនៅក្បែរបរិវេណព្រលានយន្តហោះក្រុងស្ទឹងត្រែង ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោកស្រី សំវិចិត្រ ឱ្យដឹងថា ដោយសារបច្ចុប្បន្នត្រីទាំងនោះត្រូវបានបំផ្លាញចោល ព្រោះបើត្រីទាំង នេះត្រូវបានប្រជាជនយកទៅហូប បើសិនមានជាតិពុលខ្លាំង ក្រោយហូបត្រីនេះទៅនឹងធ្វើឲ្យមនុស្សពុលផងដែរ បើសិនមានជាតិពុលតិចពេលហូបត្រីនេះទៅនឹងធ្វើឲ្យប៉ះពាល់សុខភាពនៅពេលក្រោយ ទោះមិនពុលភ្លាមៗក៏ដោយ ។

លោកបន្តថា ក្នុងនាមខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ក៏សូមអរគុណដល់បងប្អូនអាជីវករលក់ត្រីដែលបានយល់ និងសហការជាមួយជំនាញ និងសូមអំពាវនាវដល់ប្រជានេសាទទាំង អស់ឈប់នេសាទដោយសារធាតុពុល ហើយប្រជាជនមេត្តាឈប់រើសត្រីបំពុល និងអាជីវករឈប់ទិញ-លក់- ដឹកជញ្ជូនត្រី ដែលបានពីការនេសាទខុសច្បាប់ទាំងបំពុល ឆ.ក់ និងប្រើគ្រឿងផ្ទុះ ព្រោះសកម្មភាពទាំងអស់នេះគឺខុសនឹងច្បាប់ស្ដីពីជលផល ៕

អត្ថបទដែលជាប់ទាក់ទង