Banner KNP Detail Top

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរយកចិត្តទុកដាក់សម្រួលការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងមិនត្រូវយកថ្លៃសេវាផ្សេងៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរយកចិត្តទុកដាក់សម្រួលការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងមិនត្រូវយកថ្លៃសេវាផ្សេងៗ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឲ្យអាជ្ញាធរ មានសមត្ថកិច្ច សូមយកចិត្តទុកដាក់សម្រួល ដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីធ្វើយ៉ាងណាឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពរលូន មិនកក់ស្ទះ បន្ថែមពីនេះសូមកុំយកកម្រៃលើសេវាកម្មផ្សេងៗពីប្រជាពលរដ្ឋ សូមធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មកកំសាន្ដក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានភាពសប្បាយរីករាយ។


ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរជាប់ព្រំដែនទាំង៣ប្រទេស សហការជាមួយស្ថាប័នអន្ដោប្រវេសន៍ ព្រមទាំងសហការជាមួយក្រសួងស្ថាប័នជំនាញដូចជា ក្រសួងមហាផ្ទៃ ក្រសួងការងារ រៀបចំជួយសម្រួលការឆ្លងកាត់ព្រំដែន ចេញចូលកុំឲ្យមានការកក់ស្ទះ ជាក់ស្ដែងកាលពីម្សិលមិញនេះ ខ្ញុំបានជួបជាមួយអគ្គនាយកអន្ដោប្រវេសន៍ ដោយបានរាយការណ៍ថា បានរៀបចំយន្ដការណ៍រួចរាល់ហើយ ដោយកន្លែងខ្លះប្រជាពលរដ្ឋ ឆ្លងកាត់គ្រាន់តែស្កេនប៉ុណ្ណោះ ដោយមិនចាំបាច់រង់ចាំការបោះត្រានោះឡើយ ដែលទាំងនេះគឺជាការសម្រួលបន្ថែម និងពន្លឿនការចេញចូលរបស់ប្រជាពលរដ្ឋ»។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា លើសពីនេះត្រូវធ្វើយ៉ាងណាធានាឲ្យបាន លើការមិនយកកម្រៃលើសេវាកម្មផ្សេងៗ ពីប្រជាពលរដ្ឋខ្មែរដែលធ្វើការចេញចូលទាំង៣ព្រំដែននេះ សូមជួយសម្រួលឲ្យរលូនតែម្ដង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាដែលចេញឬចូលប្រទេសថៃ ឡាវ និងវៀតណាមតាមផ្លូវគោក សូមអាជ្ញាធរមានសមត្ថកិច្ច ធ្វើយ៉ាងជួយសម្រួលកុំឲ្យមានបញ្ហា សម្រួលកុំយកកម្រៃនានា និងសម្រួលកុំឲ្យមានការកកស្ទះ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ សប្បាយរីករាយទាំងអស់គ្នាតែម្ដង។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ដថា ដូច្នេះបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប្រជាពលរដ្ឋអាចត្រឡប់ទៅបំពេញការងារ ដោយត្រជាក់ចិត្ត ពេលមកចូលឆ្នាំក៏ត្រជាក់ចិត្ត ពេលត្រឡប់ទៅវិញក៏ត្រជាក់ចិត្ត និងសប្បាយរីករាយ មិនមានម៉ងសៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង