Banner KNP Detail Top

បើកយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍គោក ដោយមានការដង្ហែរក្បួនតាមគោលដៅ

បើកយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍គោក ដោយមានការដង្ហែរក្បួនតាមគោលដៅ ចំនួន២ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការស្តីពី «យុវជន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី នៃនាកយដ្ឋានទាំង៥ កាកបាទក្រហមកម្ពុជា ក្រុមប្រតិបត្តិសាខារាជធានីភ្នំពេញ និងយុវជនមកពីវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង វិទ្យាជាស៊ីមសាមគ្គី វិទ្យាល័យបច្ចេកទេសហ៊ុនសែនជម្ពូវ័ន និងវិទ្យាល័យទួលអំពិល ព្រមទាំងមានអ្នករត់កង់បី សរុបចំនួន១៤០នាក់។
យុទ្ធនាការនេះ មានការដង្ហែរក្បួនចេញពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ទៅគោលដៅចំនួន២ គឺមុខផ្សារព្រែកជ្រៃ និងមុខផ្សារជម្ពូវ័ន ដោយមានកម្មវិធីសំណួរ-ចម្លើយ ដើម្បីដាស់ស្មារតីដល់បងប្អូរប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងគ្នា ដើម្បីសុវត្ថិភាពរបស់ខ្លួនផងដែរ និងមានរង្វាន់លើកទឹកចិត្តជាច្រើនទៀត។
ក្នុងឱកាសនេះដែរ លោកស្រីអគ្គលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមាន យុវជនកាកបាទក្រហមកម្ពុជា អ្នករត់កង់បីដែលមានវត្តមាននៅទីនេះ បានចំណាយពេលវេលា កម្លាំងកាយ និងឆន្ទៈមុតមកចូលរួមយុទ្ធនាការនាព្រឹកនេះ។


លោកស្រីបានបន្តថា «កាកបាទក្រហមកម្ពុជា តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាតាមតែអាចធ្វើទៅបាន»។
លោកស្រីបន្ដថា គ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមចម្បងមួយដែលបានសម្លាប់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ។ តាមរយៈរបាយការណ៍របស់អគ្គស្នងការនគរបាលចរាចរណ៍នៅក្នុងឆ្នាំ២០២៣កន្លងទៅ បានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍មានកើនឡើង១១% បណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណជិត ១,៦០០នាក់»។

អត្ថបទដែលជាប់ទាក់ទង