Banner KNP Detail Top

ឯកឧត្តម ម៉ៅ ធនិន ៖ គោលដៅអភិវឌ្ឍមាសបៃតង ត្រូវកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិឱ្យកាន់តែមានសក្តានុពល

ឯកឧត្តម ម៉ៅ ធនិន ៖ គោលដៅអភិវឌ្ឍមាសបៃតង ត្រូវកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិឱ្យកាន់តែមានសក្តានុពល ដើម្បីទាក់ទាញភ្ញៀវទេសចរ

នៅក្នុងពិធីដាក់សម្ពោធជាផ្លូវការរូបសេះសមុទ្រ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ខេត្តកំពត គឺជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត ព្រមទាំងសំបូរទៅដោយធនធានធម្មជាតិជាច្រើនដែលបម្រើឱ្យវិស័យទេសចណ៍ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងមានសក្តានុពលទេសចរណ៍ទាំងនោះឱ្យដំណើរការ ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកលេងកម្សាន្តច្រើន នោះពលរដ្ឋនឹងទទួលបានចំណូលពីវិស័យទេសចរណ៍ក៏ច្រើន។
ឯកឧត្តមអភិបាលខេត្តកំពត បានថ្លែងបន្តថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការបង្កើតកន្លែងកម្សាន្តថ្មីៗ អភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងខេត្តឱ្យមានភាពទាក់ទាញ ក្នុងន័យបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតំបន់ទេសចរណ៍។
ជាក់ស្តែង រូបសំណាកសេះសមុទ្រ មានកម្ពស់៨ម៉ែត្រ មានបាញ់ទឹកចេញពីមាត់ ត្រូវបានរៀបចំឡើង ក្នុងន័យដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងកំពត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនក្នុងខេត្ត ពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ ការសាងសង់រូបសំណាកនេះឡើងដោយសារខេត្តកំពត គឺជាខេត្តមួយដែលជាប់តំបន់សមុទ្រ ហើយសេះសមុទ្រ ក៏ជាប្រភេទសត្វក្នុងទឹកសមុទ្រមួយប្រភេទផងដែរ ដែលប្រជានេសាទខ្លះហៅថាត្រីសេះសមុទ្រ។


សូមជម្រាបជូនថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ អាជ្ញាធរខេត្តកំពត បានបង្ហាញសមិទ្ធផលថ្មីៗចំនួនពីរទីតាំងដើម្បីឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ដែលទីតាំង ទី១ គឺសួនរូបសេះមុខសាលាខេត្តចាស់ដែលកំពុងមានការចាប់អារម្មណ៍ច្រើន ទីតាំងទី២ គឺឆ្នេរខ្សាច់កម្សាន្តចន្លោះពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានថ្មថ្មី ដែលមានប្រវែងប្រមាណជាង៦០០ម៉ែត្រ ដែលទីតាំងទាំងពីរនេះអាចឱ្យភ្ញៀវទេសចរស្រូបយកខ្យល់អាកាសបរិសុទ្ធ មើលថ្ងៃលិច ពិសេសឆ្នេរខ្សាច់កម្សាន្តអាចងូតទឹកកម្សាន្តផងដែរ។
ទន្ទឹមនោះ ក៏មានការរៀបចំតុបតែងលម្អភ្លើងពណ៌លម្អតាមដងផ្លូវ និងសួនច្បារក្រុងកំពត ចំណតទូកទេសចរណ៍ជិះទស្សនាអំពិលអំពែក សម្រាប់ទទួលភ្ញៀវទេសចរក្នុងឱកាសនៃ ពិធីបុណ្យចូលឆ្នាំខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង