Banner KNP Detail Top

ក្រសួងផែនការ ៖ មានជនអនាមិកមួយចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មាន ក្លែងបន្លំ និងមិនប្រក្រតីមួយចំនួន

ក្រសួងផែនការ ៖ មានជនអនាមិកមួយចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មាន ក្លែងបន្លំ និងមិនប្រក្រតីមួយចំនួន តាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គម

ភ្នំពេញ ៖ ក្រសួងផែនការ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នាពេល ថ្មីៗនេះ ក្រសួងផែនការបានពិនិត្យឃើញថា មានជនអនាមិកមួយចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មាន ក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗពាក់ព័ន្ធនឹងបណ្ណសមធម៌ ក្នុងគោលបំណងក្លែងបន្លំ បំភ្លៃព័ត៌មាន និងបោក បញ្ឆោត ធ្វើឱ្យមានការភាន់ច្រឡំដល់មតិសាធារណជន ជាពិសេសប្រជាពលរដ្ឋនៅតំបន់ក្រុងរុនតាឯក និង ពាក់ស្នែងនៃខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋក្រុមគោលដៅទូទាំងប្រទេស។ ជាក់ស្តែង ព័ត៌មានដែល បានបង្ហោះផ្សព្វផ្សាយនោះមានខ្លឹមសារជាភាសាអង់គ្លេសថា “Public IDPoor for Khmer: Register yourself to be a recipient of government social assistance. Register immediate.” និងភាសាខ្មែរ ថា “ប្រជាជនកម្ពុជាទាំងអស់អាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯង ដើម្បីទទួលអត្ថប្រយោជន៍ ផ្សេងៗពីប្រព័ន្ធជំនួយសង្គម”។ ក្នុងរូបភាពផ្សព្វផ្សាយនោះមានរូបមនុស្សស្រីកាន់បណ្ណសមធម៌ និងស្លាក សម្គាល់ (Logo) របស់ក្រសួងផែនការ ធនាគារ ABA ធនាគារអេស៊ីលីដា និងក្រុមហ៊ុន Cambodia Angkor Air និងចំនួនទឹកប្រាក់ $ ២ ៥០០ ទៀតផង។

ក្រសួងផែនការ សូមបដិសេដទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មាននេះ និងស្នើសុំឱ្យអាជ្ញាធរ មានសមត្ថកិច្ចមេត្តាស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចខាងលើ។


ក្រសួងផែនការ សូមជម្រាបជូនថា ដើម្បីទទួលបានបណ្ណសមធម៌ ប្រជាពលរដ្ឋគ្រប់រូបដែលគិតថា ខ្លួនមានការលំបាកផ្នែកជីវភាព ត្រូវទៅដាក់ពាក្យស្នើសុំសម្ភាសន៍កំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅ សាលាឃុំ សង្កាត់។ ក្រុមការងារឃុំ សង្កាត់ នឹងអនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់គ្រួសារ នោះ ហើយក្រសួងផែនការនឹងចេញបណ្ណសមធម៌ជូនគ្រួសារដែលលទ្ធផលនៃការសម្ភាសន៍បង្ហាញថាបាន ជាប់ជាគ្រួសារក្រីក្រ។ ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងកម្មវិធីជំនួយសង្គមផ្សេងៗទៀត គឺមិនមែនជា ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងផែនការឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋ និងសាធារណមតិជម្រាបជាព័ត៌មាន និង មានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងបន្លំខាងលើ ៕

អត្ថបទដែលជាប់ទាក់ទង