Banner KNP Detail Top

ជនសង្ស័យចំនួន៣នាក់ កន្លងមកបានធ្វើសកម្មភាពបាញ់មាន់អ្នកភូមិ បាន១ក្បាល រួចយកទៅ

ជនសង្ស័យចំនួន៣នាក់ កន្លងមកបានធ្វើសកម្មភាពបាញ់មាន់អ្នកភូមិ បាន១ក្បាល រួចយកទៅធ្វើម្ហូបក្លែមស្រាសប្បាយជុំគ្នារួចមកហើយ និងមិនត្រូវបានម្ចាស់ដឹង លុះ១ថ្ងៃក្រោយមក….

ខេត្តកណ្ដាល ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យចំនួន៣នាក់កន្លងមកបានធ្វើសកម្មភាពបាញ់មាន់អ្នកភូមិបាន១ក្បាលរួចយកទៅធ្វើម្ហូបក្លែមស្រាសប្បាយជុំគ្នារួចមកហើយ និងមិនត្រូវបានម្ចាស់ដឹងនោះឡើយ ។ លុះ១ថ្ងៃក្រោយមកញ៉ាមទៅបាញ់មាន់របស់អ្នកភូមិដដែលនោះទៀត ប៉ុន្តែត្រូវបានអ្នកជិតខាងឃើញស្រែកថាចោរៗ ទើបត្រូវនគរបាលដេញតាមឃាត់ខ្លួនបានតែម្ដង ។ ជនសង្ស័យ៣នាក់នេះសុទ្ធតែបានប្រើប្រាស់គ្រឿង ហើយក្នុងនោះ២នាក់ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលថែមទៀតផង ។
ជនសង្ស័យទាំង០៣នាក់នោះរួមមាន១-ឈ្មោះ យ៉ាន់ កណ្ណិកា ហៅ ម៉ុក អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ។ ជននេះមានសារធាតុញៀនក្នុងទឹកនោម និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល០១លើក រយៈពេល០២ឆ្នាំ ០៦ខែ នៅក្នុងឆ្នាំ២០១៨ ពីបទជួញដូរគ្រឿងញៀន ។ ២-ឈ្មោះ ដា ចាន់ឌី អាយុ២១ឆ្នាំ មានទីលំនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម ជននេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល១លើករយៈពេល០៦ខែ ក្នុងឆ្នាំ២០១៨ពីទប្រើប្រាស់គ្រឿងញៀន ។ ៣-ឈ្មោះ អេម សុនសម័យ ហៅដំ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម ។ នគរបាលដកហូតបានម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ស ពាក់ស្លាកលេខ កណ្តាល1N-9872 ,ចំពាមកៅស៊ូ ដងឈើ១ ។
ដោឡែកជនរងគ្រោះម្ចាស់មាន់ឈ្មោះ គៀ វណ្ណធឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដែលជាចំណុចកើតហេតុខាងលើ ។
កាលពីថ្ងៃទី២៧ ខែឧសភា ២០២៤ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចបាញ់សត្វមាន់របស់ជនរងគ្រោះខាងលើបាន០១ក្បាល ហើយបានយកទៅធ្វើម្ហូបក្លែមស្រាសប្បាយជុំគ្នារួចម្ដងមកហើយ ។ ខណៈនោះម្ចាស់មានមិនបានដឹងនោះទេ លុះដល់វេលាម៉ោង១រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យបានជិះម៉ូតូ០១គ្រឿងឌុបគ្នា០៣នាក់ ប្រដាប់ដោយចំពាមកៅស៊ូផងហើយជិះឆ្វែលក្នុងគោលបំណងរកបាញ់សត្វមាន់របស់ជនរងគ្រោះទៀត ។


នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ប៉ុន្តែខណៈនោះមិនឃើញមានមាន់ ក៏នាំគ្នាជិះម៉ូតូត្រលប់ទៅរកបាញ់សត្វស្លាបផ្សេងវិញ រហូតដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ក៏បាននាំគ្នាជិះម៉ូតូទៅក្បែរផ្ទះជនរងគ្រោះម្តងទៀត ។ ពេលនោះបានឃើញមាន់០១ក្បាលកំពុងសុីចំណីនៅមុខផ្ទះ ជនសង្ស័យឈ្មោះ យ៉ាន់ កណ្ណិកា ក៏បានចុះពីលើម៉ូតូរួចយកចំពាមកៅស៊ូធ្វើសកម្មភាពបាញ់មាន់នោះ ប៉ុន្តែត្រូវបានអ្នកជិតខាងឃើញទាន់ រួចស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើល ។ ភ្លាមៗនោះជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួន ហើយអ្នកជិតខាងនោះបានទូរស័ព្ទរាយការណ៍ជូននគរបាលប៉ុស្តិ៍ក្រាំងម្កាក់ អំពីសកម្មភាពនិងភិនភាគជនសង្ស័យ ។ ពេលនោះនគរបាលប៉ុស្តិ៍បានប្រកាសតាមវិទ្យុទាក់ទងទៅកាន់កម្លាំងគោលដៅនានានិងកម្លាំងប្រជាការពារ ឲ្យជួយចេញធ្វើការពួនស្ទាក់ រហូតឃាត់ខ្លួនបានបន្ទាប់មកបាននាំទៅសាកសួរនិងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង