Banner KNP Detail Top

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ប្រើហិង្សាកាប់ទៅលើឪពុកម្ដាយក្មេក បណ្តាលឱ្យរងរបួសធ្ងន់

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ប្រើហិង្សាកាប់ទៅលើឪពុកម្ដាយក្មេក បណ្តាលឱ្យរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប្រើហិង្សាកាប់ទៅលើឪពុកម្ដាយក្មេកបណ្តាលឱ្យរងរបួសធ្ងន់នៅស្រុករមាសហែក។

ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៤ នៅចំណុចភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ព្រាប រុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះព្រំ យ៉ុត ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងឈ្មោះសក់ សាខន ភេទប្រុសអាយុ៦៥ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ដែលត្រូវជាឪពុកម្ដាយក្មេក ត្រូវបានក្រុមគ្រួសារនាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែករមាសហែក ។

ប្រភពបន្តថា មុនកើតហេតុជនសង្ស័យ ផឹកស្រាស្រវឹង ហើយបានប្រើអំពើហិង្សាវាយធ្វើបាបប្រពន្ធរបស់ខ្លួនឈ្មោះសក់ យ៉ាន អាយុ៤៥ឆ្នាំ ដោយមានការប្រទាញប្រទង់គ្នា ហើយប្រពន្ធបានយកដំបងឫស្សីវាយតបទៅវិញត្រូវចំក្បាលបណ្ដាលឲ្យរងរបួសហូរឈាម។

ក្រោយមក ឪពុកម្ដាយក្មេកបានមកមើលនិងសួរសុខទុក្ខ ខណៈនោះ ស្រាប់តែជនសង្ស័យទាញយកពូថៅកាប់ទៅលើម្ដាយក្មេកបណ្ដាលឱ្យរងរបួសដាច់ហូរឈាមឆ្អឹងខ្នងផ្នែកខាងក្រោយ និងឈានទៅកាប់លើឪពុកក្មេកបណ្ដាលឱ្យរងរបួសកំភួនដៃខាងស្ដាំបង្កការភ្ញាក់ផ្អើលតែម្ដង។

ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច ក៏មានរបួសត្រូវបានសមត្ថកិច្ចនាំយកទៅមន្ទីរពេទ្យបង្អែករមាសហែកដើម្បីឱ្យគ្រូពេទ្យពិនិត្យនិងព្យាបាលរបួសដោយដាក់កម្លាំងយាមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង