Banner KNP Detail Top

បំបែកសម្បុកឈ្មួញគ្រឿងញៀន ភ្នំពេញ-តាកែវ ឃាត់ខ្លួនមនុស្ស ៤នាក់ និងអាវុធ មេខ្លោងរត់រួចបាត់

បំបែកសម្បុកឈ្មួញគ្រឿងញៀន ភ្នំពេញ-តាកែវ ឃាត់ខ្លួនមនុស្ស ៤នាក់ និងអាវុធ មេខ្លោងរត់រួចបាត់

ខេត្តតាកែវ៖ បំបែកសម្បុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មជាប្រព័ន្ធ៤នាក់ រួមទាំងអាវុធប្រភេទK54 និងគ្រាប់ជាច្រើន ក៏ត្រូវបានរឹបអូសពីជនសង្ស័យម្នាក់ដែរជាអតីតទណិ្ឌតផងដែរ ប៉ុន្តែគួរឱ្យសោកស្ដាយមេខ្លោងធំ បានរត់គេចខ្លួនបាត់។ នេះបើយតាមព័ត៌មានបង្ហាញដោយអាវុធហត្ថនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
បង្ក្រាបក្រុមឈ្មួញគ្រឿងញៀននេះធ្វើឡើងរយៈពេល៣ថ្ងៃពេញ ដោយកម្លាំងជំនាញស៊ើបអង្កេតស្រាវជ្រាវតាមចាប់បានជនសង្ស័យបានជាបន្តបន្ទាប់ តាមរយៈការសារភាពរបស់ក្រុមដែលបានឃាត់ខ្លួន។ ជាក់ស្តែង នៅវេលាម៉ោង១:៣០នាទីថ្ងៃទី២៥ឧសភា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកងរាជអាវុធហត្ថស្រុកបាទី និងស្រុកព្រៃកប្បាស ចុះបង្រ្កាបករណីគ្រឿងញៀន ស្ថិតនៅភូមិថ្មី ឃុំដូង ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សោម ឧត្តម ទើបចេញពីពន្ធនាគារព្រៃសករណីគ្រឿងញៀនបានមួយរយៈ។ វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌-សថ្លាចំនួន៩កញ្ចប់ កាំភ្លើង១ដើម ប្រភេទK៥៤ គ្រាប់៥គ្រាប់ បង់១ ម៉ូតូ១គ្រឿង និងទូរសព្ទចំនួន៣គ្រឿង ដាវ២ដើម គ្រាប់កាំភ្លើងឡុកចំនួន៤គ្រាប់ គ្រាប់កាំភ្លើងK៥៩ ចំនួន៨គ្រាប់ និងសម្ភារវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមថា លុះវេលាម៉ោង១៨:៣០នាទីថ្ងៃទី២៦ឧសភា កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ ថន ធូ ភេទប្រុស អាយុ២៦ឆ្នាំ (ជាអ្នកដឹកជញ្ជូនថ្នាំញៀនឱ្យមេខ្លោងឈ្មោះ ហាត ហ៊ល) រស់នៅបន្ទប់ជួលម្ដុំព្រៃកទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ម្សៅក្រាមពណ៌-សថ្លា ចំនួន២កញ្ចប់ ទម្ងន់១០៧,០៣ក្រាម (ថ្លឹងទាំងសំបកថង់), ម៉ូតូ១គ្រឿងពាក់ស្លាកលេខតាកែវ ១G៖៨៧០៧ និងទូរសព្ទ១គ្រឿង។ ប្រតិបត្តិការនៅតែបន្តយ៉ាងក្ដៅគគុក ខណៈជនសង្ស័យសារភាពប្រាប់ពីមេខ្លោងធំជួញដូរគ្រឿងញៀននោះ។ ភ្លាមៗកម្លាំងជំនាញបានពន្លាតដែនដីតាមនីតិវិធីដល់រាជធានីភ្នំពេញ ចំណុចបន្ទប់ជួលមេខ្លោង ឈ្មោះ ហាត ហ៊ល ក្នុងភូមិភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្លាំងជំនាញឃាត់បានជនសង្ស័យពីរនាក់រួមមាន ៖ ទី១. ឈ្មោះ យ៉េប ហារ៉ាម៉ៃ ហៅទឹង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជាអ្នកដឹកជញ្ជូនគ្រឿងញៀន និងទី២.ឈ្មោះ គង់ រក្សា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ជាអ្នកទទួលវេរប្រាក់ដកប្រាក់។ វត្ថុតាងចាប់យករួមមានម្សៅក្រាម-សថ្លា២កញ្ចប់តូចទម្ងន់២៤,៨៩ក្រាមថ្លឹងទាំងសំបក សៀវភៅ១ក្បាល សម្រាប់កត់ទទួលប្រាក់វេរចេញ និងវេរចូលថ្លៃជួញដូរគ្រឿងញៀន ម៉ូតូ១គ្រឿងពាក់ស្លាកលេចភ្នំពេញ ១KQ៣៤៧៥ ទូរសព្ទ២គ្រឿង និងសម្ភារពាក់ព័ន្ធវេរប្រាក់ដកប្រាក់មួយចំនួន។ ក្រោយរកមិនឃើញមេខ្លោង កម្លាំងជំនាញបន្ត ត្រួតពិនិត្យបន្ទប់ជួលរបស់មេខ្លោង ហាត ហ៊ល នៅម្ដុំព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន២បន្ទប់ទៀត។


ជាលទ្ធផលរកឃើញម្សៅក្រាម-សថ្លា១កញ្ចប់ កញ្ចប់ច្រកគ្រឿងញៀន៤កញ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង