Banner KNP Detail Top

គ្រឿងញៀនជាង៧០០គីឡូក្រាម ត្រូវបានអាជ្ញាធរដុតបំផ្លាញចោល

គ្រឿងញៀនជាង៧០០គីឡូក្រាម ត្រូវបានអាជ្ញាធរដុតបំផ្លាញចោល នៅខេត្ដស្ទឹងត្រែង

(ស្ទឹងត្រែង)៖ គ្រឿងញៀនជាច្រើនប្រភេទ សរុបប្រមាណជាង៧០០គីឡូក្រាម ត្រូវបានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការដុតបំផ្លាញចោលជាសាធារណៈ ស្ថិតនៅបរិវេណក្បែរសាលាខេត្តស្ទឹងត្រែង ក្រោយគ្រឿងញៀនទាំងនោះ ត្រូវបានតុលាការ អនុវត្តច្បាប់ចូលជាស្ថាពរ។
ចំពោះគ្រឿងញៀន ដែលត្រូវដុតបំផ្លាញនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន នាឱកាសព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ មានទម្ងន់សរុប ៧០២គីឡូក្រាម និង១៣៦.១៨ក្រាម តាមអំណាចសាលក្រម ក្នុងសំណុំរឿងព្រហ្មទ័ណ្ឌចំនួន៥។
ក្នុងនោះរួមមាន៖ ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធសរុប៦០៣គីឡូក្រាម និង៤៣១.០៣ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ុនទម្ងន់សុទ្ធសរុប២០គីឡូក្រាម និង៩៩២.៥៧ក្រាម, គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សុទ្ធសរុប៣១គីឡូក្រាម និង៩២៣.២ក្រាម, គ្រឿងញៀនប្រភេទម៉ិចស្តាស៊ី(MDMA) ទម្ងន់សុទ្ធសរុប១១គីឡូក្រាម និង៩៩១.៨៦ក្រាម រួមនិងសារធាតុញៀនមិនច្បាស់ទម្ងន់
សុទ្ធសរុប ៣៧គីឡូក្រាម និង២១៧.៩២ក្រាម។


ជាមួយគ្នានេះ មន្ត្រីអនុវត្តច្បាប់បានចុះពង្រឹងការអនុវត្តវិធានការច្បាប់ តាមរូបភាពនៃការបង្ក្រាប ទប់ស្កាត់ ការចរាចរណ៍ ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ១៧ករណី ឃាត់ខ្លួនជន សង្ស័យសរុប ៣៨នាក់ ប្រុស ក្នុងនោះ មានជនជាតិវៀតណាម ០១នាក់ និងជនជាតិ ថៃ ០៣នាក់ផងដែរ។
ដោយសារខេត្តស្ទឹងត្រែងជាខេត្តគោលដៅនៃការឆ្លងកាត់ អាជ្ញាធរខេត្ត បានពង្រឹងសមត្ថកិច្ចទទួលខុសត្រូវរបស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO) នៅតាម ច្រកទ្វារអន្តរជាតិច្រកតំបន់ព្រំដែន និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាទៀងទាត់ជាប់ព្រំដែន ទាំងផ្លូវទឹក(ទន្លេមេគង្គ)និងផ្លូវគោកសំខាន់ៗ ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀន ខុសច្បាប់ សារធាតុគីមីផ្សំផលិតគ្រឿងញៀន ដើម្បីទប់ស្កាត់លំហូរ ចូលគ្រឿងញៀនពី ប្រទេសជិតខាងផងដែរ។
ពាក់ព័ន្ធការរឹតបន្តឹង និងអនុវត្តច្បាប់ក្រោមប្រធានបទ រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសគមន៍គ្មានគ្រឿងញៀន ។
អាជ្ញាធរថ្នាក់ក្រោមជាតិ បានបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជាលេខ០១ បប គោលការណ៍ «សម្អាតច្រកចេញពីផ្ទៃបឹង» ដោយត្រូវត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេលចំពោះមន្ត្រីទាំងឡាយណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់៕

អត្ថបទដែលជាប់ទាក់ទង