Banner KNP Detail Top

បុរស២នាក់ ឃើញចោរលួចម៉ូតូមិត្តភក្ដិរបស់ខ្លួន ក៏ដេញតាមចាប់ ត្រូវចោរចាក់

បុរស២នាក់ ឃើញចោរលួចម៉ូតូមិត្តភក្ដិរបស់ខ្លួន ក៏ដេញតាមចាប់ ត្រូវចោរចាក់ស្លាប់ម្នាក់

ភ្នំពេញ ៖ បុរស២នាក់ ខណៈពេលត្រលប់មកពីដើរលេងវិញ ទៅដល់ផ្ទះជួល នាវេលាយប់រំលងអធ្រាត្រ បានប្រទះឃើញចោរ២នាក់ កំពុងលួចម៉ូតូ១គ្រឿង ដែលជាកម្មសិទ្ធិរបស់មិត្តភក្ដិម្នាក់ផ្សេងទៀត ចេញពីមុខបន្ទប់ជួលខាងលើ។ ពេលនោះ ពួកគាត់ឈឺឆ្អាល ក៏បានដេញតាមចាប់ចោរ លុះពេលតាមទាន់បានប្រវាយប្រតប់គ្នា ហើយក៏ត្រូវបានក្រុមចោរចាក់ចំគល់ ក បណ្ដាលឲ្យដួលស្លា.ប់ម្នាក់ភ្លាមៗ ចំណែកក្រុមចោរយកម៉ូតូទៅបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមផ្លូវវត្តអង្គតាម៉ិញ ត្រង់ចំណុចមុខរោងចក្របារី ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បុរសរងគ្រោះឈ្មោះ តុញ ខេង អាយុ៣២ឆ្នាំ មុខរបរបុគ្គលិក ចាក់សាំងស្ថានីយ៍ប្រេងកាល់តិច នៅកម្លោះ មិនទាន់មានប្រពន្ធនិងកូននៅឡើយ មានទីលំនៅភូមិក្រញូងគគីរ ឃុំស្បើក ស្រុកឈូក ខេត្តកំពត។ ស្នាក់នៅបន្ទប់ជួលលេខ១២ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រីឯមិត្តភក្ដិម្នាក់ទៀត មិនប្រាប់អត្តសញ្ញាណ ។
ចំណែកចោរមានគ្នា២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1T-2089 ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ ស៊ី រ័ត្នផាភ អាយុ៣២ឆ្នាំ ត្រូវជាមិត្តភក្ដិជនរងគ្រោះ ស្នាក់នៅបន្ទប់ជួលលេខ១១ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ប្រសម្នាក់ ដែលជាមិត្តភក្ដិអ្នកស្លា.ប់ ហើយដេញតាមចោរជាមួយគ្នា បាននិយាយប្រាប់មន្ត្រីនគរបាល ថា នៅវេលាម៉ោងកើតហេតុខាងលើខ្ញុំ និងជនរងគ្រោះ បានជិះម៉ូតូម្នាក់មួយគ្រឿង ចេញពីកន្លែងផឹកស៊ី នៅម្ដុំខាក្រោយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ លុះពេលទៅដល់បន្ទប់ជួល ស្ថិតនៅតាមផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានឃើញចោរ២នាក់កំពុងបណ្ដើរម៉ូតូ ១គ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1T-2089 ចេញពីទីនោះ ។
បុរសខាងលើ បានប្រាប់បន្តថា ខណៈនោះជនរងគ្រោះ ដែលជាមិត្តរបស់ខ្ញុំ (អ្នកស្លាប់) បានស្គាល់ថា គឺជាម៉ូតូរបស់ឈ្មោះ ស៊ី រ័ត្នផា ស្នាក់នៅបន្ទប់លេខ១១ និងជាមិត្តភក្ដិផងដែរ។ ទើបទៅគោះទ្វារហៅម្ចាស់ម៉ូតូខាងលើ ហើយស្រាប់តែឃើញទ្វារបន្ទប់ ត្រូវបានចោរយកដែកកាងហាលខោអាវ ផ្ពក់ខ្ទាស់ពីក្រៅជាប់។ បន្ទាប់មក ក៏បានដោះចេញហើយជនរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកHONDA SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HU-0905 ឌុបខ្ញុំដេញតាមចោរ ដោយមិនបានហៅម្ចាស់ម៉ូតូឲ្យទៅជាមួយឡើយ ។
បុរសដដែល បានប្រាប់ទៀតថា ពេលចេញទៅដល់ផ្លូវខាងលើ ពួកខ្ញុំបានជិះទាន់ចោរ ហើយក៏បានស្រែកឲ្យឈប់ ប៉ុន្តែចោរមិនបានឈប់ឡើយ នៅតែជិះទៅមុខបន្តទៀត រហូតដល់ត្រង់ចំណុចមុខផ្ទះលេខ២៣ ផ្លូវបេតុង ភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ចោរម្នាក់បានចុះពីលើម៉ូតូ ហើយខ្ញុំបានចុះពីលើម៉ូតូដែរ រួចទាញមែកឈើ វាយលើចោរម្នាក់នោះ ហើយចោរបានគប់របស់អ្វីមួយមកលើមុខខ្ញុំ តែខ្ញុំមិនដឹងរបស់អ្វីនោះទេ។ បន្ទាប់មកចោរ ម្នាក់ទៀត បានជិះម៉ូតូដែលលួចបាននោះបត់ឡើងចូលទៅភូមិសាស្ត្រខណ្ឌសែនសុខ ហើយជនរងគ្រោះ បានជិះម៉ូតូបត់ដេញតាមម្នាក់ឯង ដោយអត់បានដឹកខ្ញុំ ទៅជាមួយឡើយ ។


បុរសរូបនេះ បានបញ្ជាក់ប្រាប់នគរបាលទៀតថា ពេលនោះ បក្ខពួកចោរម្នាក់ ដែលលោតចុះពីដំបូង ប្រវាយប្រតប់ជាមួយខ្ញុំនោះ ក៏បានឡើងជិះម៉ូតូ ទៅជាមួយបក្ខពួកផងដែរ ចំណែកខ្ញុំ ក៏បានខំរត់ឡើងជិះម៉ូតូ ទៅជាមួយជនរងគ្រោះដែរ ប៉ុន្តែរត់មិនទាន់។ ពេលនោះ ខ្ញុំបានព្យាយាមរត់តាមក្រោយ រហូតដល់ត្រង់ចំណុចមុខរោងចក្របារី ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ខ្ញុំក៏បានឃើញជនរងគ្រោះដួលដេកនៅលើចិញ្ចើមផ្លូវ ដោយម៉ូតូសង្កត់ពីលើ ខ្ញុំក៏លើកម៉ូតូឡើង ឃើញជនរងគ្រោះ ស្លា.ប់នៅលើថ្លុកឈាម បាត់ទៅហើយ ។
បុរសជាម្ចាស់ម៉ូតូ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ មិត្តភក្តិរបស់ខ្ញុំ ទាំង២នាក់បានទៅគោះទ្វារបន្ទប់ខ្ញុំ ហើយប្រាប់ថាមានចោរលួចម៉ូតូទៅបាត់ហើយ និងបានដោះទំពក់ដែកកាងហាលខោអាវចេញពីទ្វារបន្ទប់ខ្ញុំ ដែលចោរខ្ទាស់ពីខាងពីក្រៅ។ បន្ទាប់មកមិត្តភក្តិទាំង២ បានអូសម៉ូតូជិះចេញទៅរកក្រុមចោរ ដោយពុំបានហៅខ្ញុំឲ្យទៅជាមួយទេ ក្រោយមកស្រាប់តែ មានអ្នកស្គាល់គ្នាទំនាក់ទំនងមកប្រាប់ខ្ញុំថា «ជនរងគ្រោះស្លា.ប់បាត់ទៅហើយ» ។
ដោយឡែក សមត្ថកិច្ច បានអោយដឹងថា នៅក្រោយពេលកើហេតុភ្លាមៗ ពុំទាន់កំណត់បានថា ជនរងគ្រោះស្លា.ប់ដោយសារអ្វីនោះទេ ដោយសង្ស័យថា ត្រូវក្រុមជនសង្ស័យធាក់ផ្ដួល ឬជនរងគ្រោះជិះម៉ូតូដេញតាមជនសង្ស័យរួចដួលខ្លួនឯង ប៉ុន្តែក្រោយពីការពិនិត្យកោសល្យវិច័យពីសំណាក់កម្លាំងនគរបាលការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបដឹងថាជនរងគ្រោះស្លា.ប់ដោយសារក្រុមជនសង្ស័យចាក់សម្លាប់ ពេលប្រវាយប្រតប់គ្នានោះ។ បន្ទាប់មក បានប្រគល់ស.ព ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង