Banner KNP Detail Top

បង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ

បង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ ចំនួន០២កន្លែង ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. សាខារាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចុះបង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ ចំនួន០២កន្លែង ក្នុងរាជធានីភ្នំពេញ។
ប្រតិបត្តិការនោះ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង នាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ ចំនួន០២ទីតាំង ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ E២៨ ផ្លូវ MK8 បុរីមង្គលភ្នំពេញ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


ជាលទ្ធផលសមត្ថកិច្ចចម្រុះបានរកឃើញសម្ភារសរុបរួមមាន៖ ឧបករណ៍បំពងសម្លេងម៉ាក JBL ចំនួន ១៣៦គ្រឿង , កាសស្តាប់ត្រចៀកចំនួន ៣១០គ្រឿង និងសម្បកប្រអប់កាសម៉ាក JBL ចំនួន ១២៨ប្រអប់ និងទីតាំងទី២ ស្ថិតនៅបុរីវារីណា ផ្ទះលេខ៨៩ ផ្លូវ២០១១ ផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សមត្ថកិច្ចចម្រុះបានរកឃើញសម្ភារសរុបរួមមាន៖ ឧបករណ៍បំពងសម្លេងម៉ាក JBL និង Marshall ចំនួន ១១៦គ្រឿង , កាសស្តាប់ត្រចៀកចំនួន ៣២គ្រឿង និងស្ទីកគ័រម៉ាក JBL និង Marshall ចំនួន ៤៥៦សន្លឹក ។
ក្រោយពីការឆែកឆេរសមត្ថកិច្ចបានដកហូតឧបករណ៍បំពងសម្លេងទាំងអស់ចំនួន ៥៩៤គ្រឿង និងសម្ភារមួយចំនួនយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំខ្លួនម្ចាស់ទីតាំងទាំង២នេះ យកទៅសាកសួរបំភ្លឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង