Banner KNP Detail Top

អាជ្ញាធរឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកទន្លេស្រែពកហក់ឡើងខ្ពស់

អាជ្ញាធរឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកទន្លេស្រែពកហក់ឡើងខ្ពស់

 

ខេត្តរតនគិរី៖ អាជ្ញាធរឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកទន្លេស្រែពកក្នុងខេត្តរតនគិរីកំពុងហក់ឡើង។

លោក នូ ថេរ អភិបាលស្រុកលំផាត់ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទំនាប និងតាមដងទន្លេស្រែពកក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមដងអូរដៃទន្លេស្រែពកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះកម្ពស់ទឹកទន្លេស្រែពក គិតត្រឹមម៉ោង០៨និង៣២នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឡើងដល់ចំណុច៩ម៉ែត្រហើយ កម្ពស់ទឹក ដែលកម្រិតប្រកាសអាសន្នមានកម្ពស់ ១២,៥០ម៉ែត្រ ។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកលំផាត់ ដែលបានចុះពិនិត្យស្ថានីយទឹក នៅមុខវត្តលំផាត់ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ គិតត្រឹមម៉ោង៨.៣២នាទី ឃើញថា កម្ពស់ទឹកបើធៀបទៅនឹងថ្ងៃទី១៧ ម្សិលមិញនេះ គឺកម្ពស់ទឹកនៅព្រឹកថ្ងៃនេះ មានការកើនឡើងជាង ១ ម៉ែត្រ ។

លោកអភិបាលស្រុកបានចាត់កងកម្លាំងនៅក្រោមឱវាទឱ្យមានការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេ ក៏ដូចជាជំនន់ទឹកភ្លៀង ដែលកើតឡើងជាជាយថាហេតុ។

សម្រាប់ស្រុកលំផាត់ រដ្ឋបាលស្រុកបានត្រៀមទីតាំងទួលសុវត្ថិភាពសម្រាប់ជួយប្រជាពលរដ្ឋរួចជាស្រេច។ 

ចំពោះមធ្យោបាយ លោកបានត្រៀមទូក កាណូត អូប័រ ដាក់នៅក្នុងទន្លេនិងដៃទន្លេ រួចរាល់ហើយ នេះជាការបង្ការទុកជាមុនសម្រាប់ជួយបងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានបញ្ហាកើតឡើងចំពោះទឹកជំនន់ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះផ្ទាល់ លោកបានបញ្ជាឱ្យកម្លាំងគ្រប់ប្រភេទចុះបង្ការនិងជូនដំណឹងទៅដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងអូរ ដែលជាប់នឹងទន្លេស្រែពក និងប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេស្រែពក ឱ្យពួកគាត់ត្រៀមលក្ខណៈឲ្យបានល្អប្រសើរសម្រាប់ការជម្លៀសមកទីទួលមានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង