ជនសង្ស័យវ័យ១៥ម្នាក់ បន្ទាប់ពីត្រូវឃាត់ខ្លួន ក្នុងសំណុំរឿង លួចម៉ូតូ កាលពីចុងសប្ដាហ៍មុន នៅបាត់ដំបង
ជនសង្ស័យវ័យ១៥ម្នាក់ បន្ទាប់ពីត្រូវឃាត់ខ្លួន ក្នុងសំណុំរឿង លួចម៉ូតូ កាលពីចុងសប្ដាហ៍មុន នៅបាត់ដំបង
ខេត្តបាត់ដំបង ៖ ជនសង្ស័យឈ្មោះ តុង ហេង ឃុំអូរដំបង២ ស្រុកសង្កែ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង នៅព្រឹកថ្ងៃទី ២១ មករា នេះ បន្ទាប់ពីត្រូវឃាត់ខ្លួន ក្នុងសំណុំរឿង «លួចម៉ូតូ» កាលពីចុងសប្ដាហ៍មុន នៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ។
ជននេះ ត្រូវកម្លាំងរបស់លោកធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី ១៨ មករា ក្រោយពីមានបណ្ដឹងចោទប្រកាន់ថា ជននេះបាន «លួចយកម៉ូតូ»មួយគ្រឿង កាលពីយប់ថ្ងៃទី១៥ មករា នៅចំណុចភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលម្ចាស់បណ្ដឹងឈ្មោះ យិន រតនៈ ប្រុសអាយុ៣១ឆ្នាំ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ បើតាមសមត្ថកិច្ចដែលបានស្រង់ចម្លើយជនរងគ្រោះថា ជនសង្ស័យនិងម្ចាស់ម៉ូតូទើបស្គាល់ និងចាប់ផ្ដើមរាប់អានគ្នាក្ដៅៗ មិនទាន់បានពេញមួយថ្ងៃផង ក៏បបូលគ្នាដើរលែង។
ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះជិះមួយភ្លេត ស្រាប់តែជិះទៅបាត់រហូត មិនឃើញត្រឡប់មកវិញ(ស៊ីដាច់)។ ដោយសារតែបាត់ដំំណឹងមនុស្សដែលទើបស្គាល់មុខ តែមិនធ្លាប់ស្គាល់ចិត្តនិងប្រវត្តិ មិនឃើញយកម៉ូតូមកឲ្យខ្លួនវិញបែបនេះ ក្រោយពីអះអាងថា ខ្ចីជិះមួយភ្លេត ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ហើយរហូតដល់ថ្ងៃទី ១៨ មករា ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជននេះបាន ទាំងមនុស្សទាំងម៉ូតូ។ ម៉ូតូដែលជនសង្ស័យបានស៊ីដាច់ពីជនរងគ្រោះ ម៉ាកវ៉េវ ពណ៌ក្រហមស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខបាត់ដំបង 1AN-6029។ ក្រោយត្រូវឃាត់ខ្លួន ជនសង្ស័យចិត្តស្លុយឈ្មោះ តុង ហេង បានសារភាពថា ខ្លួនពិតជាមានបំណងស៊ីដាច់ម៉ូតូជនរងគ្រោះមែន តែពេលខ្លួនកំពុងទំនាក់ទំនងស្វែងរកទីផ្សារ ក៏ត្រូវសមត្ថកិច្ចតាមទាន់ឃាត់ខ្លួន ៕