លើកលែងការចោទហើយ អតីតយោធាផ្កាយ២ សូយ ចាន់សឿន ដែលចាប់បង្ខាំង និងប្រើហិង្សាលើស្រ្តីម្នាក់កាលពីដើមឆ្នាំ២០២១
លើកលែងការចោទហើយ អតីតយោធាផ្កាយ២ សូយ ចាន់សឿន ដែលចាប់បង្ខាំង និងប្រើហិង្សាលើស្រ្តីម្នាក់កាលពីដើមឆ្នាំ២០២១
(កំពង់ស្ពឺ)៖ អតីតមន្រ្តីយោធាផ្កាយ២ មានឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅវ៉ា អាយុ៤៨ឆ្នាំ ដែលត្រូវស្រ្តីម្នាក់បានប្តឹងដោយចាប់បង្ខំាំង និងប្រើហិង្សាយ៉ាងធ្ងន់ធ្ងរកាលពីខែមករា ឆ្នាំ២០២១ ហើយត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនទៅកាន់តុលាការកាត់ទោសនោះ នៅពេលនេះអតីតមន្រ្តីយោធារូបនេះ ត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ និងបន្ធូបន្ថយទោសដែលជាឱកាសឲ្យរូបគេអាចចេញពីពន្ធនាគារបាន។
ការសម្រេចនេះ ដោយយោងតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ ដែលមានលោក ស៊ លីនណា ចៅក្រមជំនុំជម្រះកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ តាមដីការបស់តុលាការ ដែលឆ្លងកាត់ការបើកសវនាការកាត់ទោសចំនួន៣ដង គឺថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២, ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងដីកាតុលាការបានសម្រេចយ៉ាងដូច្នេះ ៖
*ទី១៖ ឲ្យឈ្មោះ សូយ ចាន់សឿន ឬទេស ចាន់សឿន ហៅវ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ រួចខ្លួនពីបទ «បង្ខាំងដោយខុសច្បាប់» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង ឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។
*ទី២៖ ផ្តន្ទាទោសឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅវ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ ដាក់ទោសពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគាររយៈពេល ០១ ឆ្នាំ និង ៦ខែ ទោសសល់ពីនេះព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន ៦,០០០,០០០រៀល ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង ឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា១០៦, មាត្រា១០៧, មាត្រា១០៨ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
*ទី៣៖ ឲ្យឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅវ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ សងសំណងថ្លៃព្យាបាលរបួសជាប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិក និងសងសំណងជម្ងឺចិត្តជាប្រាក់ចំនួន ៥,០០០ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស តាមបញ្ញត្តិមាត្រា ៣៥៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ស្រ្តីរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ និងឈ្មោះ សូយ ចាន់សឿន បានជិះរថយន្តជាមួយគ្នា គោលបំណងទៅកងរាជអាវុធហត្ថខេត្តកណ្តាល ដោយឈ្មោះ សូយ ចាន់សឿន ជាអ្នកបើករថយន្ត លុះពេលធ្វើដំណើរជិតដល់រង្វង់មូលក្រុងតាខ្មៅ ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ ឌួង ហេម៉ាលីស បានទាស់ពាក្យសំដីជាមួយគ្នា។
ពេលនោះឈ្មោះ សូយ ចាន់សឿន ខឹង ក៏បានឈប់រថយន្ត រួចធ្វើសកម្មភាពវាយទៅលើឈ្មោះ ឌួង ហេម៉ាលីស ជាច្រើនដៃត្រូវចំមុខ, ភ្នែក, ផ្កាម, ចង្កា និងទ្រូង ព្រមទាំងយកកាំភ្លើងគំរាមបាញ់បំបាក់ជើងឈ្មោះ ឌួង ហេម៉ាលីស ថែមទៀតប្រសិនបើឈ្មោះ ឌួង ហេម៉ាលីស ហ៊ានចុះពីលើរថយន្ត។
បន្ទាប់មកឈ្មោះ សូយ ចាន់សឿន បានបើករថយន្តដឹកឈ្មោះ ឌួង ហេម៉ាលីស ឡើងមកភ្នំពេញ រួចបន្តដំណើរមកដល់សង្កាត់កណ្តោលដុំ ខេត្តកំពង់ស្ពឺ ដោយពេលធ្វើដំណើរតាមផ្លូវឈ្មោះ សូយ ចាន់សឿន បានវាយធ្វើបាបឈ្មោះ ឌួង ហេម៉ាលីស ជាច្រើនដៃបន្ថែមទៀត បណ្តាលឱ្យមានរបួសស្នាម និងបានដឹកឈ្មោះ ឌួង ហេម៉ាលីស បន្តមកផ្ទះ កូនចៅរបស់ខ្លួនឈ្មោះ ស្រី សម្បត្តិ ស្ថិតនៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបានបង្ខាំងឈ្មោះ ឌួង ហេម៉ាលីស ទុកនៅក្នុងបន្ទប់នៃផ្ទះនោះ តាំងពីម៉ោង ១៥ និង០០នាទី រសៀលដល់ម៉ោង១៩ និង០០នាទី ដោយឈ្មោះ សូយ ចាន់សឿន អង្គុយនៅមុខផ្ទះ មិនឲ្យឈ្មោះ ឌួង ហេម៉ាលីស ចេញពីផ្ទះនោះទេ រហូតដល់ មានសមត្ថកិច្ចនគរបាលមកដល់ ទើបសមត្ថកិច្ចបាននាំឈ្មោះ ឌួង ហេម៉ាលីស ចេញពីផ្ទះនោះមកព្យាបាលរបួសនៅមន្ទីរពេទ្យ។
ក្រោយចេញពីមន្ទីរពេទ្យ ឈ្មោះ ឌួង ហេម៉ាលីស ក៏បានមកដាក់ពាក្យបណ្ដឹងនៅអយ្យការខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់។
ក្រៅពីសំណុំរឿងនៅខេត្តកំពង់ស្ពឺ អតីតមន្រ្តីយោធាផ្កាយ២រូបនេះ ក៏មានសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានមនុស្ស២នាក់ប្តឹងពីបទ «ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហារបង្កាច់កេរ្តិ៍»។
ចំពោះបទល្មើសនេះ ត្រូវបានចៅក្រម ធាម ច័ន្ទពិសិដ្ឋ សម្រេចចិត្តសាលក្រមផ្តន្ទាទោសឈ្មោះ សូយ ចាន់សឿន ដាក់ពន្ធនាគារ ១ឆ្នាំថែមទៀត។ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានឲ្យដឹងថា បក្ខពួកម្នាក់ទៀតឈ្មោះ សូ បិនឡា ក៏ត្រូវបានផ្តន្ទាទោសដូចគ្នាដែរ និងបង្គាប់ឲ្យរួមគ្នាសងជំងឺចិត្ត ដល់ដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ១០លានរៀល។ ជាមួយគ្នានេះ ឈ្មោះ ធី សូចន្នា ត្រូវបានពិន័យប្រាក់ ១លានរៀល ពីបទបរិហារបង្កាច់កេរ្តិ៍។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ ក៏បានប្រកាសផ្តន្ទាទោសលើសំណុំរឿងចំពោះជនជាប់ចោទចំនួន២នាក់ ម្នាក់គឺជា អតីតយោធាផ្កាយ២ នៅក្រសួងការពារជាតិមានឈ្មោះ សូយ ចាន់សឿន និងគូកនម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងបណ្តឹងបរិហាបង្កាច់កេរ្តិ៍ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០។
តាមការសម្រេចរបស់ចៅក្រម គឺសម្រាប់អតីតយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន ត្រូវជាប់ពន្ធនាគារចំនួន៨ខែ និងសងជំងឺចិត្តចំនួន២០លានរៀល ខណៈបក្ខពួកម្នាក់ទៀតមានឈ្មោះ សូ បិនឡា ក៏ត្រូវបានឲ្យសងជំងឺចិត្តចំនួន២០លានរៀលផងដែរ។
ជនជាប់ចោទទាំង២នាក់រួមមាន៖
*ទី១៖ ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតមន្ត្រីយោធាផ្កាយ២ មានទីលំនៅផ្ទះលេខ៣១០អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ)
*ទី២៖ ឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនជាប់ចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «បរិហារបង្កាច់កេរ្តិ៍» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រ៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ៕