ពិតជាគួរឱ្យអាណិតអាសូរជាពន់ពេក ស្ត្រីម្នាក់ រស់នៅឃុំថ្មពូន ស្រុកព្រៃឈរ ត្រូវបានកូនប្រុសបង្កើតយកពូថៅកាប់ និងវាយត្រូវក្បាលច្រើនកន្លែង បណ្ដាលឱ្យផុងលលាដ៍ស្លា…ប់
ពិតជាគួរឱ្យអាណិតអាសូរជាពន់ពេក ស្ត្រីម្នាក់ រស់នៅឃុំថ្មពូន ស្រុកព្រៃឈរ ត្រូវបានកូនប្រុសបង្កើតយកពូថៅកាប់ និងវាយត្រូវក្បាលច្រើនកន្លែង បណ្ដាលឱ្យផុងលលាដ៍ស្លា…ប់
ខេត្តកំពង់ចាម ៖ ពិតជាគួរឱ្យអាណិតអាសូរជាពន់ពេក ដោយស្ត្រីចំណាស់ម្នាក់អាយុ៦៤ឆ្នាំ រស់នៅឃុំថ្មពូន ស្រុកព្រៃឈរ ត្រូវបានកូនប្រុសបង្កើតយកពូថៅកាប់និងវាយត្រូវក្បាលច្រើនកន្លែងបណ្ដាលឱ្យផុងលលាដ៍ស្លាប់ក្នុងថ្លុកឈាម ត្រង់ចំណុចវាលស្រែមួយកន្លែង មានចម្ងាយពីផ្ទះប្រមាណពីរគីឡូម៉ែត្រ ។ ហើយកូនប្រុសចិត្តអប្រិយជាមនុស្សបែកថ្នាំញៀន ក៏ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍តាមប្រមាញ់ចាប់ខ្លួនបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹង កាលពីល្ងាចថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៤ ថា ហេតុការណ៍អំពើឃាតកម្មនេះបានកើតឡើងវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២០ វិច្ឆិកា ត្រង់ចំណុចវាលស្រែមួយកន្លែង ក្នុងភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយកូនឈ្មោះ គុយ ដុល្លា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ បានសម្លាប់ម្ដាយដោយប្រើពូថៅកាប់ជាច្រើនពូថៅទៅលើឈ្មោះជាម ពៅ ភេទស្រី អាយុ៦៤ឆ្នាំ ត្រូវជាម្ដាយបង្កើត ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងទៀតថា នៅពេលមុនកើតហេតុ ស្ត្រីចំណាស់ជាម្ដាយបានធ្វើដំណើរមកមើលគេស៊ីឈ្នួលច្រូតស្រូវឲ្យគេ ដែលមានចម្ងាយពីផ្ទះប្រមាណ២០០០ម៉ែត្រ។ ស្របពេលដែលកំពុងតែអង្គុយក្រោមដើមអំពិលហូបផ្លែមួយដើម បន្ទាប់មកស្រាប់តែកូនប្រុសបែកថ្នាំ បានមកដល់មិនបានសួរនាំអ្វីវែងឆ្ងាយនោះទេ គឺបានប្រើពូថៅកាប់លើក្បាលម្ដាយ ជាហេតុបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។
សាក្សីនៅកន្លែងកើតហេតុ គឺជាក្រុមអ្នកស៊ីឈ្នួលច្រូតស្រូវ ដែលឃើញហេតុការណ៍នោះមិនបានចូលទៅជួយអន្តរាគមន៍នោះទេ ព្រោះកូនប្រុសមានពូថៅក្នុងដៃ ណាមួយពួកគាត់ជាមនុស្សចាស់ទៀត។ ហើយក៏បាននាំគ្នារត់ចេញពីស្រែកមករាយការជូនប៉ុស្តិ៍រដ្ឋបាលថ្មពូន ឲ្យបានដឹងពីករណីឃាតកម្មដែលបានកើតឡើង។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានសុំគោលការណ៍ពីលោកអធិការនគរបាលស្រុកព្រៃឈរ ដោយមានកម្លាំងជាច្រើននាក់បានចុះទៅដល់កន្លែងកើតហេតុ ឃើញសពស្ត្រីជាម្ដាយដេកស្លាប់ក្នុងថ្លុកឈាមគួរឱ្យអាណោចអាធ័ម ។
ជាមួយគ្នានោះ បានហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសពហើយកម្លាំងមួយផ្នែកទៀត បានប្រតិបត្តិការដេញតាមប្រមាញ់កូនប្រុសជាឃាតករដោយចាប់បាននៅចំណុចរោងពុះអុសស្វាយចន្ទី ដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រ ពីកន្លែងកើតហេតុ ដកហូបបានពូថៅមួយហើយពូថៅនេះគឺជារបស់ម្ចាស់រោងដែលគេទុកសម្រាប់ពុះអុស ហើយក៏បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចកូនប្រុសចិត្តអប្រិយជាមនុស្សបែកថ្នាំបានឆ្លើយថា មូលហេតុដែលសម្លាប់ម្ដាយដោយសុំលុយមិនបាន ទើបសម្លាប់បែបនេះ ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា កន្លងមក កូនប្រុសរបស់ស្ត្រីចំណាស់នេះ ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនដាក់ពន្ធនាគារចំនួនពីរលើក គឺបទចែកចាយគ្រឿងញៀន ហើយត្រូវបានដោះលែងមានសេរីភាពនៅក្រៅឃុំ ប្រមាណពីរទៅបីឆ្នាំ។ តែជននេះមានសតិមិនប្រក្រតី ពេលខ្លះទាមទារឲ្យម្ដាយចែកដីភូមិពេលខ្លះទៀត ចង់ប្រើអំពើហិង្សាវាយលើម្ដាយ តែដោយសារម្ដាយមានមេត្តាធម៌មិនបានតបតែអ្វីចំពោះកូននោះទេសុខចិត្តសម្ងំនៅស្ងៀមរហូតទាល់តែថ្ងៃកើតហេតុ ហើយកូនម្នាក់នេះគឺជាកូនពៅគេក្នុងចំណោមបងប្អូនប្រុសបួននាក់ ៕