បុរសជាសន្ដិសុខម្នាក់ ដេកស្លាប់ក្នុងប៉ុស្ដិ៍យាមការដ្ឋានសាងសង់មួយកន្លែង
បុរសជាសន្ដិសុខម្នាក់ ដេកស្លាប់ក្នុងប៉ុស្ដិ៍យាមការដ្ឋានសាងសង់មួយកន្លែង
ភ្នំពេញ ៖ កាលពី ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បុរសជាសន្តិសុខឯកជនម្នាក់បានដេកស្លាប់ក្នុងការដ្ឋានសាងសង់មួយកន្លែង សង្ស័យមានជំងឺក្នុងខ្លួន តែមិនទៅពិគ្រោះជាមួយគ្រូពេទ្យគិតតែទិញថ្នាំលេបរហូតដល់ដេកស្លាប់នៅប៉ុស្តិ៍យាមបង្កការភ្ញាក់ផ្អើល នៅចំណុចការដ្ឋានកំពុងសាងសង់តាមផ្លូវជាតិលេខ១ ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះ ឈ្មោះ ឈិន សំបូរ ភេទ ប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិន្តសុខក្រុមហ៊ុន GIANTS SECURITY AGENT ស្នាក់នៅបណ្តោះអាសន្នចំណុចកើតហេតុខាងលើមានស្រុកកំណើតនៅភូមិចំការថ្មី ឃុំ គគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី២០២២ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JR. 4351 ។
បុរសជនរងគ្រោះពេលទំនេរមិនស្រូវស្រួលខ្លួនហើយជនរងគ្រោះថា អត់លុយទៅពិនិត្យសុខភាពចេះទិញថ្នាំលេបក្រៅទុកសន្សំលុយប្រាក់ខែផ្ញើទៅគ្រួសារនៅស្រុកកំណើតមានជីវភាពខ្វះខាតផងរហូតដល់ព្រឹកនេះ ក៏កម្មករនិងជាងសំណង់ផ្អើលថា ជនរងគ្រោះសន្តិសុខខាងលើបានដេកស្លាប់នៅប៉ុស្តិ៍យាមដីឡូតិ៍ការដ្ឋានកំពុងសាងសង់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម រួចក៏បានទាក់ទងទៅខាងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបច្ចេកទេសដើម្បីធ្វើកោលល្យវិច័យផងដែរ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះដល់ទីតាំងចំណុចកើតហេតុ បានធ្វើការត្រួតពិនិត្យជាបឋមការសន្និដ្ឋានថា សង្ស័យគាំងបេះដូងឬមានជំងឺបេះដូង (ស្លាប់) រួចក៏បានទាក់ទងទៅក្រុមគ្រួសារមកទទួលសពយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕