អស្ចារ្យ! ប៉មទ្រេតដ៏ល្បីលើពិភពលោក ពត់ឡើងត្រង់បានជាង ៤ សង់ទីម៉ែត្រទៀតហើយ
ប៉មទ្រេត ឬ The Leaning Tower of Pisa គឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅក្នុងប្រទេសអ៊ីតាលី ដែលមានអ្នកទេសចរប្រមាណជាង ៦ លាននាក់ទៅទស្សនាជារៀងរាល់ឆ្នាំ។
បើទោះជាមានភាពទាក់ទាញនៅទម្រង់ទ្រេតដ៏ប្លែកខុសពីគេនៃប៉មមួយនេះ អ្នកជំនាញវិស្វករជាច្រើនក៏បង្ហាញការព្រួយបារម្ភចំពោះសំណង់អគារបុរាណមួយនេះផងដែរ។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ក្នុងការស្ទង់វាយតម្លៃថ្មីមួយបានបង្ហាញពីភាពភ្ញាក់ផ្អើល និង អស្ចារ្យនៃសំណង់អគារដ៏ចំណាស់មួយនេះ។
តាមរយៈការវាយតម្លៃដែលធ្វើឡើងដោយក្រុមវិស្វករភូមិសាស្ត្រ និង ទ្រទ្រង់ដោយអង្គការក្រៅរដ្ឋាភិបាល Opera Primaziale Pisana (O₽A) បានបង្ហាញឱ្យឃើញថា ប៉មទ្រេត Pisa បានពត់ងើបឡើងមកត្រង់វិញប្រមាណជា ៤ សង់ទីម៉ែត្រ ក្នុងរយៈពេល ២១ ឆ្នាំមកនេះ ចាប់តាំងពីការជួសជុលសំណង់ចុងក្រោយបំផុតនោះ៕