មេដឹកនាំបក្សកាន់អំណាចកូរ៉េខាងត្បូង ទាមទារឱ្យលោក Yoon Suk Yeol ចុះចេញពីតំណែង
មេដឹកនាំបក្សកាន់អំណាចកូរ៉េខាងត្បូង ទាមទារឱ្យលោក Yoon Suk Yeol ចុះចេញពីតំណែង
(សេអ៊ូល)៖ មេដឹកនាំគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី៦ ខែធ្នូ បានអំពាវនាវឱ្យលោកប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង ក្រោយការប៉ុនប៉ង ដាក់ច្បាប់អាជ្ញាសឹកមិនបានសម្រេច ជាមួយការព្រមានថាប្រទេសជាតិនឹងជួបគ្រោះថ្នាក់ធំ ប្រសិនបើលោកនៅតែបន្តកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។
ការអត្ថាធិប្បាយបែបនេះរបស់លោក Han Dong-hoon ដែលជាប្រមុខគណបក្សអំណាចប្រជាជនរបស់លោក Yoon ហាក់មានន័យថាអាចនឹងមានសំឡេងគាំទ្រគ្រប់គ្រាន់ពី សមាជិកសភាដើម្បីបោះឆ្នោតចោទប្រកាន់ដកតំណែងលោកប្រធានាធិបតី នៅថ្ងៃសៅរ៍ ទី៧ ខែធ្នូស្អែកនេះ។ ម្យ៉ាងវិញទៀត ការកត់សម្គាល់របស់លោក Han ក៏ជាការផ្លាស់ប្ដូរ គោលជំហរមួយដែរ បន្ទាប់ពីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកបាននិយាយថាលោកនឹងរារាំងការបោះឆ្នោតដកតំណែងលោក Yoon ខណៈថ្នាក់ដឹកនាំបក្សកាន់អំណាចផ្សេងទៀត បានទទូចថាសមាជិកសភានៃគណបក្សអំណាចប្រជាជនទាំង ១០៨នាក់ នឹងឈរនៅខាងលោក Yoon ក្នុងការបោះឆ្នោតនៅថ្ងៃសៅរ៍ស្អែកនេះ។
បើតាមលោក Han ការផ្លាស់ប្ដូរជំហររបស់លោក គឺដោយសារតែលោក Yoon មិនបានទទួលស្គាល់ថាខ្លួនឯងបានប្រព្រឹត្តកំហុសអ្វីឡើយ នៅពេលប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ។ «ដោយពិចារណាពីការពិតថ្មីដែលបានកើតឡើង ខ្ញុំជឿជាក់ថាការព្យួរភ្លាមៗនូវភារកិច្ចរបស់លោកប្រធានាធិបតី Yoon Suk Yeol គឺជារឿងចាំបាច់ដើម្បីការពារ សាធារណរដ្ឋកូរ៉េ និងប្រជាជន»។ នេះជាការគូសបញ្ជាក់របស់លោក Han។ តែយ៉ាងណាក៏ដោយ លោក Han មិនបានជំរុញ ឬអំពាវនាវដោយផ្ទាល់ឱ្យសមាជិកសភាមកពី គណបក្សរបស់លោក បោះឆ្នោតដកតំណែងលោក Yoon នោះទេ។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយស្ថាប័ន Realmeter នៅក្នុងចំណោមអ្នកដែលត្រូវបានសម្ភាសន៍ មាន ៧៣.៦ភាគរយ បានបង្ហាញ ការគាំទ្រដល់នីតិវិធីដកតំណែងលោក Yoon Suk Yeol៕