លំនៅឋានដ៏ធំមួយខ្នងដែលធ្វើពីថ្មក្រោមឈើលើ ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់

លំនៅឋានដ៏ធំមួយខ្នងដែលធ្វើពីថ្មក្រោមឈើលើ ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់

ខេត្តបាត់ដំបង ៖ កាលពី យប់ថ្ងៃទី០៨ ធ្នូ ឆ្នំា២០២៤ លំនៅឋានដ៏ធំមួយខ្នងដែលធ្វើពីថ្មក្រោមឈើលើ ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់ ដែលគេសង្ស័យបណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនី ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល បាត់បង់ទ្រព្យសម្បត្តិអស់ទាំងស្រុង តែពុំមានគ្រោះថ្នាក់មនុស្សទេ ។
យោងតាមរបាយការណ៍ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យបានដឹងថា លំនៅឋានដែលត្រូវភ្លើងឆេះ មានទំហំ០៧x០៩ម៉ែត្រធ្វើពីថ្មក្រោមឈើលើដែលមានម្ចាស់ឈ្មោះ ភ ភី ភេទប្រុស អាយុ៦១ឆ្នាំ ។ ប៉ុន្តែបើតាមសមត្ថកិច្ចម្ចាស់ផ្ទះបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ នៅតែកូនស្រីដែលមានស្វាមី និងមានផ្ទៃពោះផងនៅចាំផ្ទះ ។
នៅពេលមានអគ្គិភ័យកើតឡើង គឺកូនស្រីម្ចាស់ផ្ទះ ដែលមានផ្ទៃពោះផងមិនបាននៅទេ ដោយរវល់ទៅលេងផ្ទះបងប្អូន ដែលនៅក្នុងមូលដ្ឋានដែរ ។ លោកអធិការបានបញ្ជាក់ថា ដំបូងអគ្គិភ័យបានឆាបឆេះពីផ្នែកខាងលើមុន រួចឆេះរាលដាលមកខាងក្រោម ។ នេះបើតាមការបំភ្លឺពីសាក្សីរស់នៅក្បែរផ្ទះកើតហេតុ ។ សាក្សីដែលស្ថិតក្នុងហេតុការណ៍បានប្រាប់សមត្ថកិច្ចថា កូនស្រីម្នាក់ផ្ទះមិនបាននៅទេ ពេលកើតហេតុ ។ នាងរវល់ទៅលេងផ្ទះបងប្អូន លុះពេលមានអគ្គិភ័យកើតឡើង ទើបគាត់ត្រឡប់មកផ្ទះវិញ តែពុំអាចជួយរំដោះបានអ្វីចេញពីក្នុងផ្ទះទេ ។ សាក្សីនិយាយថា អគ្គិភ័យបានចាប់ផ្ដើមឆេះពីផ្នែកខាងលើមុន ហើយក៏ឆេះរាលដាលចុះមកផ្នែកខាងក្រោម ។ រីឯរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចក៏បានមកដល់ភ្លាមៗដែរ តែហួសពេលទៅហើយ ព្រោះអគ្គិភ័យមានឥទ្ធិពលខ្លាំងឆេះស្ទើរអស់ទៅហើយ ។ បើតាមរបាយការណ៍សមត្ថកិច្ចដែលបានបញ្ជាក់ពីតុល្យការនៃការខាតបង់ទ្រព្យសម្បត្តិ ដែលជនរងគ្រោះបាននិយាយប្រាប់ គឺ អស់ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិរងការខូចខាតស្ទើរទាំងស្រុង ដែលគិតជាទឹកប្រាក់ប្រមាណ០៣ម៉ឺនដុល្លារអាមេរិក ។

មន្ត្រីអគ្គិភ័យបានចំណាយទឹកចំនួន០២រថយន្ត តែមិនអាចជួយសង្គ្រោះអ្វីបានទេ ដោយសារតែអគ្គិភ័យមានកម្លាំងខ្លាំងឆេះលឿនពេក ។ លោកបានបញ្ជាក់បន្ថែមថា បើតាមសាក្សីបំភ្លឺ និងមានការវិនិឆ្ឆ័យបឋមពីម្ចាស់ផ្ទះផង អគ្គិភ័យនេះ អាចបណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនី ដែលចាប់ផ្ដើមដំបូងពីផ្នែកខាងលើ ។ មន្ត្រីជំនាញ និងអាជ្ញាធរបាននិងកំពុងចំពិនិត្យជាក់ស្ដែង នៅកន្លែងកើតហេតុនៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង