ប៊ិះតែនឹងបង់សង្ខារមនុស្សជាច្រើនរយនាក់ទៀត ដោយសារហេតុការណ៍ពាក់ព័ន្ធនឹងយន្តហោះដឹកអ្នកដំណើរ

ប៊ិះតែនឹងបង់សង្ខារមនុស្សជាច្រើនរយនាក់ទៀត ដោយសារហេតុការណ៍ពាក់ព័ន្ធនឹងយន្តហោះដឹកអ្នកដំណើរ

ទីក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងទើបតែរងគ្រោះពីសោកនាដកម្មឆេះយន្តហោះស្លាប់មនុស្សជិត២០០នាក់មិនបានប៉ុន្មានផងថ្មីៗនេះ ប៊ិះតែនឹងបង់សង្ខារមនុស្សជាច្រើនរយនាក់ទៀតដោយសារហេតុការណ៍ពាក់ព័ន្ធនឹងយន្តហោះដឹកអ្នកដំណើរ។ យន្តហោះម៉ាកអ៊ែបឺស (Airbus) របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែរពូសាន (Air Busan) នៅសុខៗស្រាប់តែឆេះនៅក្នុងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅមួយរំពេចនៅពេលកំពុងរត់នៅលើដងផ្លូវនៃអាកាសយានដ្ឋានអន្តរជាតិហ្គីមហេ (Gimhae) ដើម្បីត្រៀមចេញដំណើរទៅទីក្រុងហុងកុង។

សាក្សីនិយាយថាយន្តហោះរៀបចាកចេញដំណើរពីព្រលានយន្តហោះសំដៅទៅទីក្រុងហុងកុង។ ទោះជាយ៉ាងណាក្ដី នៅពេលកើតមានហេតុការណ៍ឆេះនោះភ្លាម អ្នកដំណើរ និងបុគ្គលិករបស់ក្រុមហ៊ុនសរុប១៦៩នាក់អាចជម្លៀសខ្លួនចុះពីលើយន្តហោះព្រឹបៗទាន់ពេលវេលា។ នៅក្នុងចំណោមនោះគ្មានបញ្ហាអ្វីធ្ងន់ធ្ងរទេ មានតែបីនាក់ប៉ុណ្ណោះដែលរងរបួសស្រាល។ នៅពេលកើតមានព្រឹត្តិការណ៍នេះធ្វើឱ្យគេនឹកឃើញទៅដល់ករណីឆេះយន្តហោះរបស់ជប៉ុនកាលពីដើមឆ្នាំ២០២៤។ កាលនោះ ទោះបីភ្លើងឆេះយ៉ាងសន្ធោសន្ធៅហ៊ុមព័ទ្ធជុំជិតយន្តហោះយ៉ាងណាក្ដី រាល់អ្នកដំណើរ និងបុគ្គលិកក្រុមហ៊ុនអាចចុះពីលើយន្តហោះដោយសុវត្ថិភាពគ្រប់ៗគ្នា។ ហេតុនេះគេអាចនិយាយបានថាសុខចិត្តឆេះយន្តហោះ កុំឱ្យតែផ្ទុះយន្តហោះទើបជាករណីគ្រោះថ្នាក់ដល់អាយុជីវិត។
នៅក្នុងករណីឆេះយន្តហោះកូរ៉េខាងត្បូងនេះ ទីភ្នាក់ងារព័ត៌មានយុនហាប់ចុះផ្សាយថាភ្លើងចាប់ផ្ដើមឆេះដំបូងចេញពីក្នុងកន្ទុយយន្តហោះ។ តាមរយៈវីឌីអូឃ្លីបដែលបង្ហោះនៅលើបណ្ដាញសង្គម គេឃើញថាមនុស្សនៅក្នុងយន្តហោះចាប់ផ្ដើមចុះតាមបន្ទះក្ដារដែលគេដាក់តម្រៀបនៅចំហៀងយន្តហោះ។ ចំណែកក្រុមការងារសង្គ្រោះបន្ទាន់ក៏ចុះធ្វើអន្តរាគមន៍ និងបាញ់ទឹកពន្លត់ភ្លើងយ៉ាងដុតដៃដុតជើង។
ហេតុការណ៍នេះកើតឡើង១ខែបន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជេជូអ៊ែ (Jeju Air) ដែលចាកចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ សំដៅទៅអាកាសយានដ្ឋានមូអាន (Muan) ប្រទេសកូរ៉េខាងត្បូង នៅពេលចុះដល់ដីហើយ ប៉ុន្តែមិនបានទម្លាក់កង់ទេ ហើយនៅតែបន្តរត់យ៉ាងពេញទំហឹងនៅលើផ្លូវរហូតដល់បុកជញ្ជាំងព្រលានយន្តហោះផ្ទុះឆេះនៅក្នុងភ្លើងយ៉ាងសន្ធោសន្ធៅ។ នៅក្នុងចំណោមអ្នកដំណើរ និងបុគ្គលិករបស់ក្រុមហ៊ុនសរុប១៨១នាក់នៅរស់តែ២នាក់ប៉ុណ្ណោះ។
ក្រោយហេតុការណ៍នៅពូសាននោះ ក្រុមហ៊ុនអ៊ែបឺសប្រកាសថាខ្លួនបានទទួលដំណឹងនេះរួចហើយ ហើយកំពុងទាក់ទងទៅក្រុមហ៊ុនអាកាសចរណ៍អ៊ែពូសាន។ ចំណែកក្រុមហ៊ុនអ៊ែពូសានមិនបានឆ្លើយតបទៅនឹងអ្នកសារព័ត៌មានដែលផ្ញើសារដើម្បីស្នើសុំការធ្វើអត្ថាធិប្បាយទេ។ យន្តហោះដែលកើតមានហេតុការណ៍ឆេះនោះត្រូវបានដាក់ឱ្យដំណើរការរយៈពេល១៧ឆ្នាំហើយ៕

អត្ថបទដែលជាប់ទាក់ទង