បង្រ្កាបបទល្មើសជលផល ក្នុងបឹងទន្លេសាប នៅភូមិសាស្ត្រខេត្តកំពង់ធំ
បង្រ្កាបបទល្មើសជលផល ក្នុងបឹងទន្លេសាប នៅភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្នុងសកម្មភាពពេញមួយថ្ងៃ កម្លាំងចម្រុះបានចុះបង្រ្កាបបទល្មើសជលផលក្នុងបឹងទន្លេសាប ចាប់ពីចំណុចក្រឡុកបាយក្អែក ដល់បាឡត ស្តិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ដឹកនាំផ្ទាល់ដោយលោក ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
នៅក្នុងសកម្មភាពនោះកម្លាំងចម្រុះ បានចែកជាពីរក្រុម ក្រុមទី១ដឹកនាំដោយ ម៉ាន សុគ្រី ផ្ទាល់បានសម្រេចរុះរើបំផ្លាញចោលរបាំងសាច់អួនចំនួន ២០របាំង ប្រវែង៣៥០០ម៉ត្រ, ឡុកសាច់អួន ២០គ្រឿង និងលបសាច់អួន៤០មាត់, បង្គោល៣០០០ដើម និងចាក់ត្រីចូលបឹងធម្មជាតិប្រហែលចំនួន៩៥០គ.ក្រ។
ក្រុមទី២ គឺក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ចុះប្រតិបត្តិការដឹកនាំដោយលោក ជ័យ ចាន់គង់ អនុប្រធានការិយាយ័យប្រឆាំង បទល្មើសសេដ្ឋកិច្ច ចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុច មុខបាទ័ល ស្ថិតក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពងធំ។ ក្រុមការងារបានចុះរុះរើកាប់បំផ្លាញចោលវត្ថុតាង នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន២របាំង ប្រវែង៩០០ម៉ែត្រ, ឡុក ចំនួន៦គ្រឿង, លូចំនួន៨មាត់ និងបង្គោលឈើចំនួន៦៥០ដើម និងត្រីចាក់ប្រលែងចូលបឹងធម្មជាតិទម្ងន់១០គីឡូក្រាម។
លោក ម៉ាន សុគ្រី បានបញ្ជាក់ថា ប្រជានេសាទនៅតែបន្តនេសាទហួសដែនកំណត់ និងប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ ពុំគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលនោះឡើយ លោកសូមឲ្យប្រជានេសាទចូលរួម ទាំងអស់គ្នា ប្រយោជន៍ទាំងអស់គ្នា៕