Banner KNP Detail Top

មេតុងទីនម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោក និងចេញសែកស្អុយខ្ទង់ម៉ឺនដុល្លារ

មេតុងទីនម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោក និងចេញសែកស្អុយខ្ទង់ម៉ឺនដុល្លារ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ មេតុងទីនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីឆបោក និងចេញសែកស្អុយរាប់សិបម៉ឺនដុល្លារអាមេរិក និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
ជនសង្ស័យមានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តីតំណាងដោយអាណត្តិ គឺលោកស្រី នួន មករា សមាជិកគណៈមេធាវីកម្ពុជា។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបាន ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ខ្សែ ១០០(៧) ៦០០(៦) ៥០០(៦)(ដូចមានក្នុងឧបសម្ពន្ធភ្ជាប់) ដោយដើមបណ្តឹងជាកូនតុងទីនបានបង់គ្រប់ចំនួន និងដល់ពេលត្រូវកើបប្រាក់តុងទីនទាំងអស់វិញ សរុប៣២៧,១៦០ដុល្លារអាមេរិកពីមេតុងទីនឈ្មោះ ឡុង រ៉ានី និងប្តី ទើបពួកគាត់ចេញជាមូលប្បទានប័ត្រមួយសន្លឹកចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន២២៩,៦៦០ដុល្លារអាមេរិក និងសន្យាប្រគល់ប្រាក់សុទ្ធខាងក្រៅឲ្យបានគ្រប់ចំនួនបន្ថែមទៀត។
ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់បើកប្រាក់ក្នុងមូលប្បទានបត្រខាងលើនៅធនាគារ (ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣) ដើម្បីធ្វើការទូទាត់ប្រាក់តាមកាលកំណត់ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានបត្រនេះមិនមានសាច់ប្រាក់ទេ ហើយត្រូវបានខាងមេតុងទីនប្លុកមូលប្បទាប័ត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ទៀតផង។
ជាមួយគ្នានេះ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមានកូនតុងទីនជាច្រើននាក់ដែលរងគ្រោះ ដោយសារមេតុងទីនពីរនាក់ប្តីប្រពន្ធរូបនេះវេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត២លានដុល្លារអាមេរិកឯណោះ ហើយកូនតុងទីនដែលរងគ្រោះទាំងអស់នោះ កំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបន្តបន្ទាប់ទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង