ស្រុករំដួលចឹង! ហេតុអី្វមន្ត្រីជំនាញចាំបាច់ ត្រូវចាក់បេតុងបង្រួមផ្លូវឲ្យតូចបែបនេះ? ធ្វើឲ្យជួបការលំបាកដល់រថយន្តធុនធំ ដឹកជញ្ជូនស្រូវអង្ករជាដើម
ស្រុករំដួលចឹង! ហេតុអី្វមន្ត្រីជំនាញចាំបាច់ ត្រូវចាក់បេតុងបង្រួមផ្លូវឲ្យតូចបែបនេះ? ធ្វើឲ្យជួបការលំបាកដល់រថយន្តធុនធំ ដឹកជញ្ជូនស្រូវអង្ករជាដើម
ខេត្តកំពង់ឆ្នាំង ៖ ២ទៅ៣ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមបានផុសរូបភាពនៃការចាក់បេតុងបង្រួមផ្លូវឱ្យតូចលើផ្លូវក្រាលកៅស៊ូ ដែលចេញពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ឃុំក្នុលសែនជ័យ ដែលកាលពីដើមឡើយមានត្រឹមតែដាក់ធុងកៅស៊ូតេប៉ុណ្ណោះ ធ្វើឲ្យពួកគាត់ដែលមានរថយន្តធន់ធំសម្រាប់ដឹកជញ្ជូនស្រូវ អង្ករ មិនអាចបើកបរបាន។
មន្ត្រីយោធាមួយរូប បានប្រតិកម្មនៅក្នុងតេឡេក្រាមគ្រុបរបស់ខ្លួនថា គាត់ជាអ្នកចុះមូលដ្ឋាននៅទីនោះ ប្រជាពលរដ្ឋបានប្រតិកមម្មខ្លាំងណាស់ អ្នកឃុំបន្ទាយព្រាល ដែលមានរថយន្តដឹកទំនិញធំៗ គ្នាបើកចេញចូលតាមផ្លូវណា ឬមួយត្រូវទុករថយន្តតាំងពិរពណ៌? ។
បងប្អូននៅក្នុងបណ្ដាញសង្គម ក៏ដូចជា ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ ពិសេសអ្នកឃុំបន្ទាយព្រាល ស្រុករលាប្អៀរ បានលើកជាសំណួរថា ហេតុអី្វមន្ត្រីជំនាញចាំបាច់ត្រូវចាក់បេតុងបង្រួមផ្លូវឲ្យតូចបែបនេះ? ធ្វើឲ្យជួបការលំបាកដល់រថយន្តធុនធំ ដឹកជញ្ជូនស្រូវអង្ករជាដើម។ ជាងនេះទៅទៀត ប្រសិនបើមានបញ្ហាអគ្គិភ័យកើតឡើង តើរថយន្តពន្លត់អគ្គិភ័យត្រូវឆ្លងកាត់ផ្លូវនោះ អាចបើកបរឆ្លងបានទេ? តែបើឆ្លងកាត់បានក៏ត្រូវបង្អង់ល្បឿន និងបើកដោយការប្រុងប្រយ័ត្នដែរ ព្រោះផ្លូវតូចពេក ។ ជាងនេះទៅទៀត ក៏មានហានិភ័យខ្ពស់អាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍បានផងដែរ។
ក្រោយផ្ទុះប្រតិកម្មផ្ទួនៗគ្នាក្នុងបណ្ដាញសង្គមបែបនេះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានបញ្ជាក់តាមតេឡេក្រាមរបស់ខ្លួនថា ផ្លូវកៅស៊ូមួយខ្សែនេះ កសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ។ កាលមុនដាក់ផ្លូវបង្រួមតូចត្រឹមតែធុងកៅស៊ូប៉ុណ្ណោះ យើងនៅអាចបើកបរបានស្រួល លុះពេលមន្ត្រីជំនាញចាប់ផ្តើមចាក់បេតុងបង្រួមឲ្យតូច លោកបានស្នើសុំទុកប្រឡោះបាន២ម៉ែត្រកន្លះដែរ ប៉ុន្តែពេលចាក់រួច នៅសល់ត្រឹមតែ២ម៉ែត្រ៤០តែប៉ុណ្ណោះ។តាមលោកដឹង គឺដើម្បីហាមឃាត់រថយន្តធុនធ្ងន់លើចំណុះបើកចូលតាមផ្លូវនេះ ឆ្ពោះទៅផ្លូវជាតិលេខ៥៣ នៅចំណុចដើមចំបក់ និងបន្តទៅកាន់ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ដោយឡែក លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងវិញ បានបញ្ជាក់ថា ការធ្វើផ្លូវបង្រួមតូចនេះ គឺសម្រាប់ហាមឃាត់រថយន្តធុនធ្ងន់ ដឹកលើសចំណុះឆ្លងកាត់ធ្វើឲ្យខូចផ្លូវ ព្រោះផ្លូវ តែខូចហើយមិនមែនលំបាកមន្ត្រីជំនាញទេ គឺលំបាកបងប្អូន អ្នកធ្វើដំណើរ។ មន្ត្រីជំនាញរបស់លោកបានឃាត់រថយន្តដែលដឹកលើសចំណុះតាមផ្លូវនោះ ឃើញថា គ្មានឯកសារអ្វីទាំងអស់ ដែលបញ្ជាក់ថា ពួកគេបានបើកគេចនឹងមន្ត្រីជំនាញ និងគេចពីគយផងដែរ។ ការធ្វើបែបនេះ គឺក្នុងគោលបំណងទប់ស្កាត់រថយន្តធន់ធ្ងន់ឆ្លងកាត់ ដើម្បីឱ្យផ្លូវមួយខ្យែនេះ បងប្អូនបានប្រើប្រាស់យូអង្វែង។ ម្យ៉ាងវិញទៀត ត្រឹមធំល្មមៗក៏អាចបើកបានដែរតើ? ចំណែកកន្លែងចាក់បេតុងនោះទៀត ក៏មានលាបថ្នាំពណ៌ ដាក់ចំណាំងផ្លាត និងអំពូលសឡា សម្រាប់បំភ្លឺនៅពេលយប់ផងដែរ។ ការធ្វើបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការអាក់អន់ស្រពន់ចិត្ត ព្រោះថាពួកគាត់ ជួបការលំបាកក្នុងការដឹកជញ្ជូនស្រូវអង្ករ ហើយមានហានិភ័យលើគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕