បង្ក្រាបក្រុមចោរបាញ់ប្លន់ ៣នាក់ ដ៏សកម្ម នៅរាជធានីភ្នំពេញ
បង្ក្រាបក្រុមចោរបាញ់ប្លន់ ៣នាក់ ដ៏សកម្ម នៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ កម្លាំងកម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការណ៍ស្រាវជ្រាវតាមបង្រ្កាបក្រុមចោរប្រដាប់អាវុធ បានចំនួន៣នាក់ជាបន្តបន្ទាប់ ក្រោយពីក្រុមចោរទាំងនេះ បានធ្វើសកម្មភាពបាញ់ប្លន់ជនរងគ្រោះជាច្រើនករណីនៅក្នុងភូមិសាស្រ្តខណ្ឌកំបូល និងរាជធានីភ្នំពេញ នាពេលកន្លងមក។
ប្រតិបត្តិការបង្រ្កាបក្រុមជនសង្ស័យខាងលើ បានធ្វើឡើងក្រោមការបង្ហាញពីឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក សុង លី ជាស្នងការរង និងលោក ហង្ស មុនី អធិការខណ្ឌកំបូល បានឲ្យលោក ឈឹម សាវុទ្ធ អធិការរងទទួលផែនព្រហ្មទណ្ឌដឹកនាំកម្លាំងស្រាវជ្រាវសហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋានខណ្ឌដង្កោ និងកម្លាំងអធិការដ្ឋានស្រុកអង្គស្នួល។
លោក ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូលទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារបណ្តាញព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង ០០នាទី សមត្ថកិច្ចបន្តស្រាវជ្រាវ សហការ ជាមួយសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ឈានទៅឃាត់បក្ខពួកសេសសល់បានម្នាក់ទៀត ឈ្មោះ ពុធ រតនៈ ហៅ កាក់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រហូតថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១ និង ០០នាទី សមត្ថកិច្ចបានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ឈានទៅឃាត់បក្ខពួកសសសល់បានម្នាក់ទៀត ឈ្មោះ ឡាយ ឋានៈ ហៅ ភ្លោះ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
អធិការរងរូបនេះ បានបន្តថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដដែល ដល់វេលាម៉ោងប្រហែល ១៦ និង ០០នាទី សមត្ថកិច្ចបានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ឈានទៅឃាត់បក្ខពួកសេសសល់បានម្នាក់ទៀត ជាអ្នកទទួលផលចោរកម្ម ឈ្មោះ សោម សុភា ហៅ ភា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គ ស្នូល ខេត្តកណ្តាល។
លោក ឈឹម សាវុទ្ធ បានបន្តថា ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពប្លន់ លើកទី១ ប្រព្រឹត្តអំពើ ហិង្សា (ប្រើអាវុធខ្លីកាំភ្លើងភ្ជង់និងវាយប្លន់យកម៉ូតូ) នៅចំណុចតាម ផ្លូវលំបណ្ដោយផ្លូវរថភ្លើង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៥ និង ២០នាទី ពីជនរងគ្រោះឈ្មោះ ហឿន វ៉ាន់ឌី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបរ ស្នាក់នៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ការប្លន់លើកទី២៖ នៅចំណុចតាម ផ្លូវលំបណ្ដោយផ្លូវរថភ្លើង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៤ និង ៣០នាទី ពីជនរងគ្រោះឈ្មោះ ឃឹម សៅ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការប្លន់លើកទី៣ នៅចំណុចតាម ផ្លូវលំបណ្ដោយផ្លូវរថភ្លើង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៦ និង ០៥នាទីពីជនរងគ្រោះឈ្មោះ សិទ្ធ សុភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មការរោងចក្រ ស្នាក់នៅ ភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សមត្ថកិច្ចខណ្ឌកំបូល បានកសាងសុំណុំរឿងបញ្ជូនក្រុមជនសង្ស័យទាំងនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញបន្តនីតិវិធី៕