បុរសម្នាក់ ត្រូវបានជនស៊ីវិលចំនួន២នាក់ និងពាក់ឯកសណ្ឋានម្នាក់ ព្រួតគ្នាវាយ និងចាប់ទូរស័ព្ទបោកចោល ដោយចោទជនរងគ្រោះថា ឌឺដងដាក់ខ្លួន បង្កឲ្យការភ្ញាក់ផ្អើល
បុរសម្នាក់ ត្រូវបានជនស៊ីវិលចំនួន២នាក់ និងពាក់ឯកសណ្ឋានម្នាក់ ព្រួតគ្នាវាយ និងចាប់ទូរស័ព្ទបោកចោល ដោយចោទជនរងគ្រោះថា ឌឺដងដាក់ខ្លួន បង្កឲ្យការភ្ញាក់ផ្អើល
ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ភូមិព្រែកតានូ ខណ្ឌមានជ័យ ។
មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូកង់បី តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ខ្លួនបានចុះពីលើកង់បី រួចដើរតម្រង់ទៅផ្ទះ ស្រាប់តែមានជនស៊ីវិល២នាក់ និងម្នាក់ទៀតពាក់ឯកសណ្ឋានសមត្ថកិច្ច បានជិះម៉ូតូ២គ្រឿងមកឈប់ក្បែរខ្លួន រួចចាប់ក្របួច.កអាវ ដោយនិយាយថា «មុននេះឯងស្រែកដាក់អញមែន?» ។
ភ្លាមៗនោះ រូបគាត់ (ជនរងគ្រោះ) បានប្រកែក ប៉ុន្តែត្រូវបុរសទាំង៣នាក់ នោះព្រួតគ្នាវាយតែម្តង ព្រមទាំងអួតអាងថា ខ្លួនមានឯកសណ្ឋានសមត្ថកិច្ច និងជាសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនក៤ ថែមទៀតផង។
ហេតុការណ៍នេះ ជនរងគ្រោះបានដកទូរស័ព្ទចេញមកថតវីដេអូ ដើម្បីទុកការពារខ្លួន តែត្រូវបានក្រុមបុរសនេះ ឆក់យកទៅបោកចោល ដើម្បីបំបាត់ភស្តុតាង តែមិនបែក បន្ទាប់មកក៏សំញែងកាំភ្លើងក្នុងគោលបំណងគំរាម ជនរងគ្រោះថែមទៀត។
ដោយសារតែឃើញមិនស្រួល អ្នកភូមិនៅជិតនោះ បាននាំគ្នាឃាត់ជនស៊ីវិលទាំង៣នាក់នោះ ដើម្បីផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែមានបុរសម្នាក់ទំនងជាមេ បានជិះម៉ូតូមកដល់ទីតាំងកើតហេតុ រួចរំដោះជនបង្កទៅបាត់ ព្រមទាំងសងសំណងជំងឺចិត្តទៅជនរងគ្រោះចំនួន៥០ដុល្លារផងដែរ ប៉ុន្តែជនរងគ្រោះបានបដិសេធ ព្រោះទើបតែទទួលការប្រមាថពីជនទាំង៣នាក់មកលើខ្លួនមុននេះ។ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ប៉ុន្តែគ្មានចំណាត់ការអ្វីទាំងអស់ ធ្វើឲ្យពលរដ្ឋបាក់ទំនុកចិត្តទៅលើការរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕