Banner KNP Detail Top

អណ្ដាតភ្លើងបានឆាបឆេះ ក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ជេខេ មួយកន្លែងសន្ធោសន្ធៅ នៅបន្ទាយមានជ័យ

អណ្ដាតភ្លើងបានឆាបឆេះ ក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ជេខេ មួយកន្លែងសន្ធោសន្ធៅ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖  ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៩និង៣០នាទីយប់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អណ្ដាតភ្លើងបានឆាបឆេះក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ជេខេមួយកន្លែងសន្ធោសន្ធៅ ហើយត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ សម្រេចកាត់សោរចូលពន្លត់អគ្គិភ័យទាន់ពេលវេលា ខណៈពេលម្ចាស់ផ្ទះបានចាក់សោរទៅជួបជុំបងប្អូនថ្ងៃបំណាច់ឆ្នាំ  នៅក្បែរសណ្ឋាគារ «ផេង ចិន្តា» ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ម្ចាស់ទីតាំងនេះ មានឈ្មោះ ចន ចាន់ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្ថបន្ទាយមានជ័យ ។ ហើយទីតាំងក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ជេខេ ដែលត្រូវអគ្គិភ័យបានឆេះនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរជ្រៅ នៅពេលធំក្លិនឈ្ងៀម និងមានផ្សែងហ៊ុយចេញពីទីតាំងកើតហេតុ ខណៈពេលដែលផ្ទះត្រូវបានបិទទ្វារចាក់សោរជិតឈឹងតែម្តង។

ម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹងថា គាត់បានបិទទ្វារផ្ទះនាំគ្នាទៅជួបជុំជាមួយបងប្អូននៅថ្ងៃបំណាច់ឆ្នាំ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលនៅចម្ងាយប្រហែល១០គីឡូម៉ែត្រ។  មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះនេះ គឺដោយសារតែម្ចាស់ផ្ទះបានដុតធូបមូសនៅលើចានជ័រទុកចោលនៅលើតុ។ អគ្គិភ័យនេះត្រូវបានពន្លត់ទាន់ពេលវេលា គ្រាន់តែឆេះតែឯកសារខ្លះៗ តុ កុំព្យូទ័រអស់ចំនួន២គ្រឿង ក្រដាសកាយវិប័ត្រមួយចំនួន និងសម្ភារៈផ្សេងៗសម្រាប់បំរើសេវាកម្មទទួលបញ្ញើអីវ៉ាន់មួយចំនួនទៀតនៅទីតាំងសំយាបផ្ទះប៉ុណ្ណោះ មិនមានឆ្លងរីករាលដល់តួផ្ទះនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង