Banner KNP Detail Top

ស្រាវជ្រាវ បង្ក្រាបក្រុមចោរប្លន់ប្រើដាវ កាំបិត ដុំថ្ម គំរាមគប់កញ្ចក់រថយន្ដ និងប្លន់បូបប្រេងពីរថយន្ដឈប់ពេលយប់

ស្រាវជ្រាវ បង្ក្រាបក្រុមចោរប្លន់ប្រើដាវ កាំបិត ដុំថ្ម គំរាមគប់កញ្ចក់រថយន្ដ និងប្លន់បូបប្រេងពីរថយន្ដឈប់ពេលយប់

ខេត្តកំពង់ស្ពឺ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ករណីក្មេងទំនើង ធ្វើសកម្មភាពប្លន់ប្រេង ពីរថយន្ដដែលឈប់សម្រាកពេលយប់ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច រួចមក លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដាក់បញ្ជា ឲ្យកម្លាំងជំនាញផ្នែកយុត្តិធម៌ នៅស្រុកភ្នំស្រួច បើកការស្រាវជ្រាវ រកមុខសញ្ញាក្រុមចោរទាំងនោះ ដើម្បីបង្ក្រាប និងចំណាត់ការឲ្យខានតែបាន។
ជាក់ស្ដែងកម្លាំងជំនាញ ដឹកនាំដោយលោកអធិការស្រុកភ្នំស្រួច បានសហការជាមួយ កម្លាំងនគរបាលមូលដ្ឋាន ប្រមូលព័ត៌មាន រហូតឈានទៅកំណត់បានមុខសញ្ញា ក្មេងទំនើងដែលជាក្រុមធ្លាប់ប្រព្រឹត្ដបទល្មើសក្នុងមូលដ្ឋាន នាពេលកន្លងមក ។
សមត្ថកិច្ចជំនាញ ក៏បានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន ៤នាក់ រួមមាន ៖
១. ឈ្មោះ ភា រាជ ភេទប្រុស អាយុ២៩ឆ្នាំ
២. ឈ្មោះ មៀម សុធារៈ ភេទប្រុស អាយុ២៧ឆ្នាំ
៣. ឈ្មោះ បេង សំណាង ហៅវិត ភេទប្រុស អាយុ៣១ឆ្នាំ
និង៤. ឈ្មោះ ជីង រ៉ា ភេទស្រី អាយុ២១ឆ្នាំ ។ ពួកគេស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ ចំណែកឯ ឈ្មោះ តូរ៉ា ប្រុស និងបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួន ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៤ ប្រាប់ថា ក្រុមខ្លួន ពិតជាបានធ្វើសកម្មភាពគំរាម យកដុំថ្មគប់កញ្ចក់រថយន្ត និងយកដាវដេញគំរាមកាប់លើអ្នកបើកបរ រួចបូបយកប្រេងចេញពីរថយន្ដ ពិតប្រាកដមែន ។ កន្លងទៅ ក្រុមខ្លួនតែងតែប្រព្រឹត្ដសកម្មភាពលួចបូបប្រេងពីរថយន្តញឹកញាប់ និងគប់កញ្ចក់រថយន្ដ នាពេលយប់ជ្រៅ ។
សមត្ថកិច្ចបានបញ្ជូនមុខសញ្ញាទាំង៤ មកកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីបន្ដតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង