បង្ក្រាបបទល្មើសនេសាទ និងរឹបអូសឧបករណ៍នេសាទខុសច្បាប់ជាច្រើន នៅក្រុងក្រចេះ
បង្ក្រាបបទល្មើសនេសាទ និងរឹបអូសឧបករណ៍នេសាទខុសច្បាប់ជាច្រើន នៅក្រុងក្រចេះ
(កហរចេះ)៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយក្រុមប្រឹក្សាសង្កាត់រកាកណ្តាល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល និងសហគមន៍នេសាទរកាកណ្តាល បានចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល នៅចំណុចបឹងរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ ដោយបានដកហូតឧបករណ៍នេសាទខុសច្បាប់មួយចំនួន។
ប្រតិបត្តិការបង្ក្រាបកម្លាំងចម្រុះដកហូតវត្ថុតាងរួមមាន៖ លបប្រើស១០០ (លបកន្ទុយកណ្តុរ) ចំនួន៧២វង់ មានប្រវែង២៧៥០ម៉ែត្រ, បង្រ្គោលចម្រឹងឫស្សីឃ្លៃចំនួន១៤៤ដើម។ ហើយវត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីរង់ចាំសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ។
យោងតាមសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ០២៧ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ដីពីវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្ដុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០។
កន្លងមកថ្មីៗនេះ ក្រសួង បានពិនិត្យឃើញថា មានសកម្មភាពធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបពោះវៀនជ្រូក ឬលប់ប្រើស១០០ បាននិងកំពុងកើតមានឡើង នៅក្នុងដែននេសាទគួរ ឲ្យព្រួយបារម្ភ ដោយហេតុថា ឧបករណ៍នេសាទនេះ ទើបបានបង្កើតថ្មី របៀបនេសាទថ្មី និងជាឧបករណ៍ នេសាទដែលពុំមានចែងនៅក្នុងប្រកាសរបស់ក្រសួង។
កន្លងមក ការទប់ស្កាត់ និង បង្ក្រាបបទល្មើសដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្ដុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០ របស់សមត្ថកិច្ច ជលផលពុំទាន់ទទួលបានប្រសិទ្ធភាពនៅឡើយ។
ដូចនេះ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលខាងលើ ទទួលបានប្រសិទ្ធភាព និងធានាបាននិរន្តភាព ធនធានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់សមត្ថកិច្ច គ្រប់ថ្នាក់ចាត់វិធានការ ឲ្យបានម៉ឹងម៉ាត់ដូចខាងក្រោម៖
១៖ វិធានការអប់រំនិងផ្សព្វផ្សាយ សមត្ថកិច្ចជលផលគ្រប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ជាពិសេសប្រកាសស្តីពីការកំណត់ឧបករណ៍នេសាទ ដែលអនុញ្ញាតឲ្យធ្វើនេសាទនៅក្នុងដែននេសាទ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ប្រជាពលរដ្ឋ អ្នកនេសាទ វារីវប្បករ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធដទៃទៀត ឲ្យបានទូលំទូលាយ និងជ្រួតជ្រាបតាមគ្រប់មធ្យោបាយ ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបការធ្វើ នេសាទដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្ដុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០ ប្រកបដោយប្រសិទ្ធភាព ខ្ពស់ ដើម្បីធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយៗ។
ក្នុងដំណាក់កាលនេះផងដែរ សមត្ថកិច្ច ជលផលគ្រប់ថ្នាក់ ត្រូវបំផុសចលនាប្រមូលឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬល់ពោះវៀនជ្រូក ឬលបប្រើស១០០យក មកធ្វើការបំផ្លាញចោលនៅទីសាធារណៈ និងបំផុសចលនាប្រជាពលរដ្ឋ និងអ្នកនេសាទ ឲ្យមកធ្វើនេសាទដោយឧបករណ៍ នេសាទស្របច្បាប់វិញ។
២៖ វិធានការអនុវត្តច្បាប់រដ្ឋបាលជលផលមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលស្ថិតក្រោមការដឹកនាំសម្របសម្រួល របស់គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនេសាទដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្ដុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០៕