Banner KNP Detail Top

ដំណឹងដ៏សោកសៅ ព្រឹទ្ធាចារ្យ ឌួង ម៉ារ៉ី អ្នកគ្រូចម្រៀងល្ខោនព្រះរាជទ្រព្យ បានទទួលមរណភាពហើយ

ដំណឹងដ៏សោកសៅ ព្រឹទ្ធាចារ្យ ឌួង ម៉ារ៉ី អ្នកគ្រូចម្រៀងល្ខោនព្រះរាជទ្រព្យ បានទទួលមរណភាពហើយ

ភ្នំពេញ ៖ នៅ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដំណឹងដ៏សោកសៅ ព្រឹទ្ធាចារ្យ ឌួង ម៉ារ៉ី (អ្នកគ្រូចម្រៀងល្ខោនព្រះរាជទ្រព្យ) បានទទួលមរណភាពហើយ បន្ទាប់ពីអ្នកគ្រូបានពើបប្រទះនូវជំងឺប្រចាំកាយ ហើយនឹងសម្រាកតែនៅកន្ទេល។ ចាត់ទុកថា ជាដំណឹងដ៏គួឲ្យសោកស្តាយបំផុតចំពោះការបាត់បង់ធនធានមនុស្សដ៏កម្រ ក្នុងពេលដែលអ្នកគ្រូបានលះបង់ស្ទើរពេញមួយជីវិតសម្រាប់វិស័យសិល្បៈបុរាណខ្មែរ។
ដំណឹងមរណភាពរបស់អ្នកគ្រូ ឌួង ម៉ារ៉ី ត្រូវបានក្រុមគ្រួសារ និងអ្នកសិល្បៈបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ក្នុងពេលដែលពួកគេម្នាក់ៗបានសម្តែងការសោកស្តាយយ៉ាងខ្លាំង។
ពិធីបុណ្យសពព្រឹទ្ធាចារ្យផ្នែកចម្រៀងបុរាណ ឌួង ម៉ារ៉ី នឹងប្រារព្ធធ្វើឡើងនៅផ្ទះរបស់ក្រុមគ្រួសារអ្នកគ្រូ ដែលស្ថិតនៅព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈពិធីបូជាសព គឺធ្វើឡើងនៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩យប់។
ទំព័រហ្វេសប៊ុក វប្បធម៌ អរិយធម៌ សិល្បៈខ្មែរ បានឲ្យដឹងដែរថា តម្លៃព្យាបាលចាក់ស៊ីម៉ង់ត៍ឆ្អឹងមួយកង់ មានតម្លៃរហូតដល់១៥០០ដុល្លារឯណោះ ខណៈពេលក្រុមគ្រួសាររបស់ព្រឹទ្ធចារ្យនៅមានកម្រិតនៅឡើយ។
បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុកមួយកាលពីពេលកន្លងទៅ ក្រុមគ្រួសារព្រឹទ្ធចារ្យបានលើកឡើងថា ស្ថិតក្នុងជន្មាយុ៧៦ឆ្នាំអ្នកគ្រូ ឌួង ម៉ារ៉ី ធ្លាប់បានឆ្លងកាត់ការវះកាត់គីសក្នុងថ្លើមម្ដង កាលពីច្រើនឆ្នាំមុន។ អ្នកគ្រូ ឌួង ម៉ារ៉ី គឺជាគ្រូចម្រៀងមហោរី និងចម្រៀងបុរាណ។ អ្នកគ្រូចូលសិល្បៈ តាំងពីសម័យសង្គមរាស្ត្រនិយម ហើយក្រោយសម័យសង្គ្រាម អ្នកគ្រូបានចូលសិល្បៈជាថ្មីចាប់ពីឆ្នាំ១៩៧៩ រហូតដល់ថ្ងៃដែលអ្នកគ្រូឈឺក្រោកមិនរួច។ បច្ចុប្បន្នអ្នកគ្រូកំពុងស្នាក់នៅក្នុងផ្ទះជាមួយកូនចៅរបស់អ្នកគ្រូដែលស្ថិតនៅក្រុងតាខ្មៅ ៕

អត្ថបទដែលជាប់ទាក់ទង