សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូមូលនិធិអន្តរជាតិ IFAD ជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូមូលនិធិអន្តរជាតិ IFAD ជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ច្យូតស្នា ពូរី (Jyotsna Puri) អនុប្រធានមូលនិធិអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម IFAD ((International Fund For Agricultural Development) និងសហការី ចូលជួបសម្តែងការគួសម និងពិភាក្សាលើការងារមួយចំនួន។
ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា លោកស្រី ច្យូតស្នា ពូរី បាននិងកំពុងដឹកនាំគណៈប្រតិភូមូលនិធិអន្តរជាតិ IFAD ទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យរបស់ខ្លួន។
មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិមួយ ដែលធ្វើការងារដោះស្រាយភាពក្រីក្រ និងភាពអត់ឃ្លាន នៅក្នុងតំបន់ជនបទនៃប្រទេសកំពុងអភិវឌ្ឍន៍។ IFAD ជាអង្គការអភិវឌ្ឍន៍ពហុភាគី តែមួយគត់ ដែលផ្តោតលើសេដ្ឋកិច្ចជនបទ និងសន្តិសុខស្បៀង។
ដោយមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងរ៉ូម (Rome) នៃប្រទេសអ៉ីតាលី IFAD បានចូលរួមជាមួយគម្រោងជាង២០០ នៅក្នុងប្រទេសជិត១០០។ IFAD បានផ្តល់មូលនិធិ និងឧបត្ថម្ភគំនិតផ្តួចផ្តើមធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងដី និងទឹក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ បណ្តុះបណ្តាល និងអប់រំ កសិករអំពីការប្រើប្រាស់ បច្ចេកវិទ្យា ដែលមានប្រសិទ្ធភាពជាងមុន បង្កើតភាពធន់នឹងការប្រែប្រួលអាកាសធាតុ បង្កើនភាពងាយស្រួលសម្រាប់ការចូលទៅកាន់ទីផ្សារ រួមទាំងគម្រោងជាច្រើនទៀត។
IFAD មានប្រទេសជាសមាជិកចំនួន១៧៧ ហើយធ្វើការក្នុងភាពជាដៃគូជាមួយអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) និងសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៧៧។ IFAD បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ២២.៤ពាន់លានដុល្លារអាមេរិក ហើយបានសម្របសម្រួលថវិកាបន្ថែមចំនួន ៣១ពាន់លានដុល្លារអាមេរិក នៅក្នុងសហហិរញ្ញប្បទានអន្តរជាតិ និងក្នុងស្រុក៕