Banner KNP Detail Top

ផ្អាកជាបណ្តោះអាសន្ន ការចរាចរ ចែកចាយផលិតផលសាច់ស្រស់ និងបង្កក មួយកន្លែង នៅខណ្ឌឬស្សីកែវ

ផ្អាកជាបណ្តោះអាសន្ន ការចរាចរ ចែកចាយផលិតផលសាច់ស្រស់ និងបង្កក មួយកន្លែង នៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ គោលបំណងនៃការត្រួតពិនិត្យឃ្លាំងនោះ ត្រូវបានផ្តោតសំខាន់ទៅលើការចម្លងចូលបាក់តេរី ដែលបណ្តាលមកពីកង្វះអនាម័យ ការប្រើប្រាស់សារធាតុគីមីហាមឃាត់ និងភាពអនុលោមទៅនឹងប្បញ្ញត្តិបច្ចេកទេស អំពីលក្ខខណ្ឌតម្រូវ នៃការវេចខ្ចប់និងដឹកជញ្ជូន ស្តុកទុកសាច់ស្រស់ ឬបង្កក ដែលមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីជំនាញ បានត្រួតពិនិត្យទីតាំងស្តុក និងចែកចាយផលិតផលសាច់បង្កកមួយកន្លែង នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យ មន្រ្តីជំនាញបានអនុវត្តនីតិវិធីដូចខាង ក្រោម ៖
១.ធ្វើតេស្តិ៍បឋម ទៅលើគំរូសាច់ស្រស់ បង្កក ចំនួន ០៦មុខ ដើម្បីរកវត្តមានសារជាតុគីមីហាមឃាត់ និងដកហូតសំណាកគំរូចំនួន ០៩ បញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. និងមន្ទីរពិសោធន៍នៃសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីវិភាគរកវត្តមានមេរោគ និងជំងឺឆ្លង នានា។
២.ណែនាំដល់ម្ចាស់អាជីវកម្ម ផ្អាកជាបណ្តោះអាសន្ន ការចរាចរ ចែកចាយផលិតផលសាច់ស្រស់ និងបង្កក រហូតដល់មានលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍។
៣.ត្រូវរក្សាកំរិតសីតុណ្ហភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស រក្សាអនាម័យបរិស្ថានជុំវិញ និងអនាម័យបុគ្គលិកដែលបម្រើការ រួមជាមួយនឹងការពិនិត្យសុខភាពជាប្រចាំ ពាក់ម៉ាស ស្រោមដៃ ស្បែកជើង និងមួក នៅពេលចេញចូលឬលើកដាក់ផលិតផលបង្កក ទាំងក្នុងឃ្លាំងស្តុក និងមធ្យោបាយដឹកជញ្ជូន។
៤.បានឱ្យម្ចាស់អាជីវកម្ម ធ្វើកិច្ចសន្យាកែលម្អ និងបំពេញបន្ថែមនូវចំនុចខ្វះខាត ទាំងអនាម័យ លក្ខខណ្ឌតម្រូវ ក៏ដូចជា ភាពមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ជាធរមាននានាផងដែរ។
អគ្គនាយកដ្ឋាន ក.ប.ប. បានប្រកាសអំពាវនាវ ដល់ម្ចាស់អាជីវកម្មនាំចូល ចែកចាយ ផលិតផលសាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ សូមអនុវត្តត្រឹមត្រូវ ស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន។ ការនាំចូលផលិតផលសាច់សត្វ ស្រស់ បង្កក និងផលិតផលអំពីសត្វ ត្រូវមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាពពីប្រទេសនាំចេញ ត្រូវគោរព និងអនុវត្តនូវលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ និងដឹកជញ្ជូន ស្តុកទុកឱ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង