មុខសញ្ញាក្រុមជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចំនួន៥នាក់ ត្រូវបានបង្ហាញមុខជាសាធារណៈ
មុខសញ្ញាក្រុមជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចំនួន៥នាក់ ត្រូវបានបង្ហាញមុខជាសាធារណៈ
ខេត្តមណ្ឌលគិរី៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។ មុខសញ្ញាក្រុមជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៥នាក់ ត្រូវបានបង្ហាញមុខជាសាធារណៈ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញខេត្តមណ្ឌលគិរីចុះបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា ដោយមានការចង្អុលបង្ហាញនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្កាបង្ក្រាបនូវរាល់បទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនៃអធិការដ្ឋានគរបាលស្រុកពេជ្រាដា និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៊ូស្រា និងមានការចូលរួមពី លោកមេភូមិ លោកមេឃុំប៊ូស្រា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ បានធ្វើការបង្ក្រាបករណីជួញដូររក្សាទុកនិងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និង មានការសម្របសម្រួល ពីលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី ចំនួន៣ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ។
ទី១-ស្ថិតនៅត្រង់ចំណុច ៥១៣ ក្នុងក្រុមហ៊ុន ចំការកៅស៊ូសុខហ្វីនក្នុងភូមិពូទឺត ។ -ទី២-ស្ថិតនៅត្រង់ចំណុចអូរកាង ក្នុងក្រុមហ៊ុន ចំការកៅស៊ូសុខហ្វីនក្នុងភូមិពូទឺត ។ ទី៣-ស្ថិតនៅត្រង់ចំណុចផ្ទះកម្មករក្នុងក្រុមហ៊ុនចំការកៅស៊ូសុខហ្វីនទាំង៣ចំណុចនេះ ស្ថិតក្នុងភូមិពូទឺត ឃុំប៊ូ ស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ៖
ទី១- ឈ្មោះ ជាតិ សុខ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ។
ទី២- ឈ្មោះ ស៊ត ស៊ុយ ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករ ។
ទី៣- ឈ្មោះ ពុធ ហេន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ ។
ទី៤-មានឈ្មោះ ម៉េត យាន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ ។
ទី៥-មានឈ្មោះ ប្រឹម ម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ ។
ជនសង្ស័យទាំង០៥នាក់ខាងលើនេះត្រូវបានកម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត ជាលទ្ធផលវិជ្ជមាន(+)ទាំង៥នាក់ ។
សម្ភារៈនិង វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន ៖ ១-សង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន ១៦កញ្ចប់ ។ ២-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។ ៣-អាវុធកែច្នៃចំនួន ០១ដើម ។ ៤-គ្រាប់ពីដាងចំនួន ២ប្រអប់ ស្មើនិង១០៥គ្រាប់ ។ ៥-ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀន១ចំនួន។ ៦-ថង់សម្រាប់ខ្ចប់ញៀន ១ ចំនួន។ ៧-គ្រាប់ AK 47 ចំនួន ០៧គ្រាប់។ ៨-ម៉ូតូចំនួន ៥គ្រឿង រួមនឹងសម្ភារៈមួយចំនួនទៀត ។
ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕