បង្រ្កាបបទល្មើសនេសាទ នៅចំណុចអូរកូនប្រឹស ព្រែកស្ទឹងចាស់ អតីតឡូត៍នេសាទលេខ០២បាត់ដំបង ក្នុងភូមិសាស្រ្ត ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
បង្រ្កាបបទល្មើសនេសាទ នៅចំណុចអូរកូនប្រឹស ព្រែកស្ទឹងចាស់ អតីតឡូត៍នេសាទលេខ០២បាត់ដំបង ក្នុងភូមិសាស្រ្ត ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការស្រុកឯកភ្នំ សហការជាមួយកម្លាំសឹករងស្រុកឯកភ្នំ ឈរជើងទិសទន្លេសាប កម្លាំងសរុបចំនួន ១០នាក់ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់០២លើក។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កម្លាំងសមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការរួមមាន កាណូតចំនួន០៤គ្រឿង ។
ការបង្ក្រាបលើកទី១ កម្លាំងនគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងចំរុះបានបង្រ្កាបបទល្មើសនេសាទ នៅចំណុចអូរកូនប្រឹស ព្រែកស្ទឹងចាស់ អតីតឡូត៍នេសាទលេខ០២បាត់ដំបង ក្នុងភូមិសាស្រ្ត ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដាក់បិតព្រែក ក្នុងតំបន់អភិរក្សពូជត្រី។ ជាលទ្ធផលនគរបាលជំនាញបង្ក្រាបបាន ៖ -សាច់មងប្រវែង ១៥០ម៉ែត្រ, -ឡុកចាប់ត្រីចំនួន ០១គ្រឿង , -បង្គោលចំនួន ៥៥ដើម ។
ការបង្ក្រាបលើកទី២ កម្លាំងនគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងចំរុះបានបង្រ្កាបបទល្មើសនេសាទ នៅចំណុចអភិរក្សពូជត្រី នៅអូរតេជ: ដាក់បិតព្រែកថ្វាង អតីត ឡូត៍នេសាទលេខ០៤ ស្ថិតនៅក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាលទ្ធផលនគរបាលជំនាញបង្ក្រាបបាន ៖ -សាច់មងប្រវែង ២០០ម៉ែត្រ , -ឡុកចាប់ត្រីចំនួន ០២គ្រឿង , -បង្គោលចំនួន ៩០ដើម , -សាច់ដៃចាប់ត្រីចំនួន ០២សាច់ដៃ ។
ករណីទាំង២នេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕