Banner KNP Detail Top

សម្តេចម៉ែ យាងសម្ពោធជានិមិត្តរូបនូវអគារសិក្សា និងសមិទ្ធផលនានា

សម្តេចម៉ែ យាងសម្ពោធជានិមិត្តរូបនូវអគារសិក្សា និងសមិទ្ធផលនានា

(ភ្នំពេញ)៖ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត កាត់ខ្សែបូរសម្ពោធជានិមិត្តរូប ព្រះរាជសមិទ្ធផលដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមថ្លៃថ្លាបំផុត នូវអគារសិក្សា និងសមិទ្ធផលនានា នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ ដែលចំណាយថវិកាសាងសង់សរុបចំនួន ១,១៦៩,៥៥០ ដុល្លារអាមេរិក ស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅក្នុងព្រះរាជពិធីកាត់ខ្សែបូរសម្ពោធជានិម្មិតរូប ដែលធ្វើឡើងនៅក្នុងព្រះបរមរាជវាំងនាថ្ងៃនេះ ក៏មានតំណាងខេត្ត៣ផ្សេងទៀត អញ្ជើញចូលរួមកាត់ខ្សែបូរសម្ពោធព្រះរាជសមិទ្ធផលតាមខេត្តនីមួយៗផងដែរ ក្នុងនោះមានខេត្តព្រៃវែង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។


នាឱកាសនោះលោក ស្រេង សុខា អភិបាលស្រុកបាណន់ តាងនាមប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរ នៃខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ក៏បានបង្ហាញសេចក្តីរំភើបរីករាយ ដែលទទួលបានព្រះរាជទានដ៏ឧត្តុងឧត្តម ចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូប នូវព្រះរាជសមិទ្ធផលដ៏ច្រើន ដែលព្រះអង្គបានប្រោសព្រះរាជទាននៅចំពោះមុខនេះ ។
ព្រះរាជសមិទ្ធផលទាំងអស់នេះ ពិតជាមានគុណតម្លៃដ៏ខ្ពង់ខ្ពស់បំផុត រកអ្វីមកប្រៀបផ្ទឹមពុំបាន ដល់ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ជាកូនចៅចៅទួតរបស់ព្រះអង្គ ប្រើប្រាស់តរៀងទៅ ហើយសូមប្តេជ្ញាចិត្តខិតខំថែរក្សាព្រះរាជសមិទ្ធផលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមល្អស្កឹមស្កខាងលើនេះ ឱ្យបានល្អគង់វង្សជារៀងរហូតតទៅ ។


លោក ស្រេង សុខា តាងនាមប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរនៃខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រសិទ្ធពរជ័យ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ដជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែងតរៀងទៅ ។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខ គ្រប់ប្រការ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅចៅទូត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែងតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង