ជនសង្ស័យប្រុស-ស្រីចំនួន១២នាក់ ឃាត់ខ្លួនជាបន្តបន្ទាប់ ករណីគ្រឿងញៀន នៅស្ទឹងត្រែង
ជនសង្ស័យប្រុស-ស្រីចំនួន១២នាក់ ឃាត់ខ្លួនជាបន្តបន្ទាប់ ករណីគ្រឿងញៀន នៅស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី៣ កុម្ភៈ ២០២៣ ជនសង្ស័យប្រុស-ស្រីចំនួន១២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការ ក្រោយការឃាត់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៣ នៅក្រុងស្ទឹងត្រែង ។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចកងចក្រភូមិរាជនុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការស្តីទី និងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោកនៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការឃាត់រថយន្តចំនួន២ មួយរថយន្តម៉ាកTUNDRA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ២AC-១៩៧១ មួយគ្រឿងទៀតម៉ាកPRIUS ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង២B-៥៩៩៦ ។
កម្លាំងកងរាជអាវុធបាននាំយកទៅអង្គភាពដើម្បីធ្វើការឆែកឆេរនិងចាប់យកវត្ថុតាងជាក់ស្តែង នៅក្នុងរថយន្តTUNDRAរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ice) ចំនួន៣កញ្ចប់តូចមានទម្ងន់ ០,៤៣៧ក្រាម និងម្សៅថ្នាំញៀនប្រភេទ ខេតាមីនចំនួន១ កញ្ចប់តូចទម្ងន់០,០៨៧ក្រាម និងឧបករណ៍ប្រើប្រាស់គ្រឿ.ងញៀនមួយចំនួននិងអាវុធខ្លី១ដើមម៉ាកLock បង់១, គ្រាប់១៥គ្រាប់ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះស្រី០៦នាក់។
ជនសង្ស័យទាំង១២នាក់ ជំនាញបានធ្វើតេស្តរកឃើញវិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន។ ក្រោយការស៊ើបអង្កេតនិងបញ្ចប់នីតិវិធក្នុងការស្រាវជ្រាវ នៅព្រឹកថ្ងៃទី៣កុម្ភៈ ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យប្រុសស្រីទាំង១២នាក់ ទៅអយ្យការអមសាលាដំបូងតាមនីតិវិធី៕