Banner KNP Detail Top

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ អនុប្រធានាធិបតីឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ អនុប្រធានាធិបតីឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី

 

(ញ៉ូដេលី-ឥណ្ឌា)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ចាក់ឌីប ថាំងកា (Jagdeep Dhankha) អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការចាប់តាំងពីឆ្នាំ១៩៥២ មក។
ក្នុងជំនួបនេះ លោក ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា និងបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានថែរក្សារឹងមាំរហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើនទៅមុខ នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។
លោកអនុប្រធានាធិបតី ក៏បានរំឭកផងដែរអំពីការធ្វើដំណើររបស់ លោកមកកាន់ប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដោយបានកោតសរសើរកម្ពុជាអំពីជោគជ័យ និងការរៀបចំដ៏ល្អឥតខ្ចោះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូនលោកអនុប្រធានាធិបតីអំពីការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានសម្តែងនូវមោទកភាពព្រមជាមួយការអរគុណចំពោះការផ្តល់កិត្តិយស និងបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ពីសំណាក់រដ្ឋាភិបាល និងកងទ័ព នៃសាធារណរដ្ឋឥណ្ឌា ដោយនេះពិតជាបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការគោរពឲ្យតម្លៃចំពោះទំនាក់ទំនងកម្ពុជា-ឥណ្ឌា ដែលជាទំនាក់ទំនងស្អិតរមួតដិតដាមដោយដានប្រវត្តិសាស្ត្រដ៏យូរលង់រាប់ពាន់ឆ្នាំក្នុងអតីតកាល។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា នៅក្រោយការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥២ ជាពិសេសក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន រួមនឹងប្រមុខថ្នាក់ដឹកនាំឥណ្ឌាជាច្រើនរូប ចាប់តាំងពីការរំដោះប្រទេសចេញពីរបប ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏បាននិងកំពុងតែមានការរីកចម្រើនជឿនលឿនទៅមុខយ៉ាងល្អប្រសើរ ទាំងទំនាក់ទំនងកម្រិតទ្វេភាគី និងទំនាក់ទំនងក្នុងក្របខ័ណ្ឌពហុភាគីនៃវេទិកាតំបន់ និងសាកល។ សម្រាប់អនាគត ទំនាក់ទំនងដ៏ល្អនេះក៏នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរទៅមុខលើគ្រប់វិស័យ រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
លោកក៏បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាមិត្តល្អ ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាជាប់រហូតមក ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជា បានជួបប្រទះការលំបាកក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជានៅក្រោយការដួលរលំនៃរបបខ្មែរក្រហម និងក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជាច្រើន ដូចជា៖ ការជួយបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សចាប់តាំងពីឆ្នាំ១៩៨១, ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព, ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមួកខៀវមកកម្ពុជា និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាដើម៕

អត្ថបទដែលជាប់ទាក់ទង