Banner KNP Detail Top

ពិធីទទួលដំណើរមាតុភូមិនិត្តន៍ កងកម្លាំងយោធាកម្ពុជា ក្នុងកងឯកភាពកងវិស្វកម្មពហុជំនាញ លេខ៨២៩ ដែលបានបញ្ចប់បេសកកម្មពី សាធារណរដ្ឋលីបង់ និងជូនដំណើរកងវិស្វកម្មពហុជំនាញ លេខ៨២៧ ទៅកាន់សាធារណ រដ្ឋលីបង់

ពិធីទទួលដំណើរមាតុភូមិនិត្តន៍ កងកម្លាំងយោធាកម្ពុជា ក្នុងកងឯកភាពកងវិស្វកម្មពហុជំនាញ លេខ៨២៩ ដែលបានបញ្ចប់បេសកកម្មពី សាធារណរដ្ឋលីបង់ និងជូនដំណើរកងវិស្វកម្មពហុជំនាញ លេខ៨២៧ ទៅកាន់សាធារណ រដ្ឋលីបង់

ភ្នំពេញៈ នារាត្រីនៃថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពិធីទទួលដំណើរមាតុភូមិនិត្តន៍ កងកម្លាំងយោធាកម្ពុជា ក្នុងកងឯកភាពកងវិស្វកម្មពហុជំនាញ លេខ៨២៩ ដែលបានបញ្ចប់បេសកកម្មពី សាធារណរដ្ឋលីបង់ និងជូនដំណើរកងវិស្វកម្មពហុជំនាញ លេខ៨២៧ ទៅកាន់សាធារណ រដ្ឋលីបង់ បានដំណើរការប្រព្រឹត្តិ ក្នុងឱកាសព្រមគ្នា។
ពិធីទទួលស្វាគមន៍ និងជូនដំណើរកងកម្លាំងយោធាមួកខៀវកម្ពុជា ទាំងពីរកង នេះ ធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
កងវិស្វកម្មពហុជំនាញលេខ៨២៩ ដែលបានបញ្ចប់បេសកកម្មពី សាធារណរដ្ឋលីបង់ មានចំនួនសរុប ១៨៤ នាក់ (នារី ២៩ នាក់) មានភារកិច្ចបោសសម្អាតមីន ដោយដៃ ដោយគ្រឿងចក្រ កម្ទេចគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (UXO) សាងសង់ បង្គោលព្រំដែន (Bbue Line) ជួសជុល និងកែលម្អបង្គោលព្រំដែន (Renovation and Refurbishment) សាងសង់បន្ទាយស្នាក់នៅ ជម្រកសុវត្ថិភាព (Shelter) បង្គោលការពាររន្ទៈ ប៉ុស្តិសង្កេតការណ៍ ប៉ុស្តិឆែកឆេរ ស្ថាបនាផ្លូវ គាំទ្រដល់ផ្នែកសន្តិសុខ និងការពារបន្ទាយស្នាក់នៅ ទទួលបាននូវស្នាដៃ និងលទ្ធផលការងារធំធេង គួរជាទីមោទនៈ។
ដោយឡែក កងវិស្វកម្មពហុជំនាញលេខ៨២៧ ដែលជាកងប្តូរវេន នាពេលនេះ មានចំនួន សរុប ១៨៤ នាក់ (នារី៣៤នាក់)។ នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ នាយកនៃនាយកដ្ឋានប្រតិបត្តិការ ផែនការ និងហ្វឹកហ្វឺន មជ្ឈមណ្ឌលជាតិ។
ថ្លែងក្នុងឱកាសសំណេះសំណាល ជាមួយកងយោធាមួកខៀវ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថាៈ បេសកកម្ម នៅសាធារណរដ្ឋលីបង់ ជាឆ្នាំទី១៣ ហើយកងវិស្វកម្មលេខ៨២៩ គឺជាកងទី១២ ដែលបានចូលរួមបំពេញភារកិច្ច ក្រោមឆត្រអង្គការសហប្រជាជាតិ គួរជាទីមោទនៈ។
ថ្លែងក្នុងឱកាសមុនឡើងយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ETHIOPIAN Air line រ៉ាប់រងដោយអង្គការសហប្រជាជាតិ ប្រមុខកងយោធាមួកខៀវ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំនូវប្រសាសន៍ក្រើនរំឭករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ” ទៅគ្រប់ មកគ្រប់ “។
ថ្លែងទៅកាន់កងវិស្វកម្មលេខ៨២៧ ដែលជាកងប្តូរវេន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំនូវប្រសាន៍ផ្តាំផ្ញើ របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការ ជាតិ សម្របសម្រួលកិច្ចការបញ្ជូន កងកម្លាំងចូលរួមបេសកកម្ម អង្គការសហប្រជាជាតិ ដោយក្រើនរំឭកដល់ កងយោធាមួកខៀវទាំងអស់ ត្រូវប្រកាន់ខ្ជាប់ បន្តរួមសាមគ្គីជាធ្លុងមួយ ” នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ ” ។
ប្រមុខកងយោធាមួកខៀវកម្ពុជា បានបញ្ជាក់បន្ថែមថា កម្លាំងទាំងអស់ ត្រូវគិតពីសុវត្ថិភាព ជាចម្បង ពិសេសក្នុងអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណា មួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គង ដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យ ជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនយើងផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង