ដើមអាកាស្យា ឬដើមប្រេងខ្យល់កំពុងមានហាងឆេង នៅពេលឈ្មួញថៃទិញយកធ្វើជន្ទល់ប្លងសេ
ដើមអាកាស្យា ឬដើមប្រេងខ្យល់កំពុងមានហាងឆេង នៅពេលឈ្មួញថៃទិញយកធ្វើជន្ទល់ប្លងសេ
ខេត្តបន្ទាយមានជ័យ ៖ ជាក់ស្តែង! ទីតាំងលក់ដើមអាកាស្យា ឬដើមប្រេងខ្យល់មិនតិចជាង១០កន្លែងនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ គេសង្កេតឃើញឈ្មួញថៃយករថយន្តចូលមកទិញនាំចេញតាមច្រកអូរបីជាន់។
កាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៣ នេះ ដើមអាកាស្យា ឬដើមប្រេងខ្យល់កំពុងមានហាងឆេង នៅពេលឈ្មួញថៃទិញយកធ្វើជន្ទល់ប្លងសេ គេឃើញមានកន្លែងដាក់លក់ជាច្រើន នៅក្បែរច្រកអូរបីជាន់ស្ថិតភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ស្ត្រីម្នាក់ជាអាជីវករលក់ដើមប្រេងខ្យល់ ឬដើមអាកាស្យាបានប្រាប់ឱ្យដឹងថា ដើមអាកាស្យា ឬដើមប្រេងខ្យល់ គឺឈ្មួញថៃចូលមកទិញរាល់ថ្ងៃ និងដឹកចេញតាមច្រកអូរបីជាន់ ដោយលក់អោយឈ្មួញថៃទិញដើមអាកាស្យា ឬដើមប្រេងខ្យល់ក្នុង១ថ្ងៃលក់បានរាប់រយដើម និងលក់បាន១ដើមតំលៃ៤.០០០រៀលដោយឈ្មួញថៃទិញយកទៅធ្វើជន្ទល់ប្លង់សេ។
ស្ត្រីរូបនោះបានបញ្ជាក់ថា ដើមអាកាស្យា ឬដើមប្រេងខ្យល់ដែលគាត់ទិញយកមកលក់អោយឈ្មួញថៃ គាត់បានដើរទិញតាមចំការក្បែរព្រំដែនដែលម៉ៅទិញក្នុង១ហិកតាតំលៃ១.០០០ដុល្លារ ហើយជួលកម្មករអោយកាប់ និងទៅយកមកលក់តាមបន្ទាត់ព្រំដែនដែលឈ្មួញថៃចូលមកទិញ។
ស្ត្រីរូបនោះបានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ក្រៅពីដាំដំណាំដំឡូងមី បាននាំគ្នាដាំដើមអាកាស្យា ឬដើមប្រេងខ្យល់មានច្រើននៅនោះ ចំណែកតម្លៃដើមអាកាស្យា ឬដើមប្រេងខ្យល់គឺមានហាងឆេងល្អជាងឆ្នាំមុន នៅពេលដែលឈ្មួញថៃចូលមកទិញនាំចូលតាមច្រកអូរបីជាន់៕