Banner KNP Detail Top

គ្រាន់តែជាដុំថ្មសោះ តែអាចយកមកកែច្នៃ ធ្វើជាគ្រឿងអលង្ការលម្អរបានយ៉ាងស្រស់ស្អាត និងមានក្បាច់យ៉ាងប្រណិត គួរជាទីទាក់ចិត្តមនុស្សគ្រប់គ្នា

គ្រាន់តែជាដុំថ្មសោះ តែអាចយកមកកែច្នៃ ធ្វើជាគ្រឿងអលង្ការលម្អរបានយ៉ាងស្រស់ស្អាត និងមានក្បាច់យ៉ាងប្រណិត គួរជាទីទាក់ចិត្តមនុស្សគ្រប់គ្នា

ខេត្តកំពង់ស្ពឺ ៖ តើគេយកមកកែច្នៃជាគ្រឿងអលង្ការដោយរបៀបណា? លោក សយ បញ្ញា ដែលមហាជននិយមប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុក Tik tok ក៏ដូចជា Youtube ជាដើមស្គាល់ថា ឈ្មោះ ឆាដ រាជ (ជាឈ្មោះក្រៅរបស់លោក)ពិតជាធ្លាប់បានឃើញស្នាដៃរបស់បុរសម្នាក់នេះ ក្នុងការច្នៃដុំថ្មធម្មតាឱ្យក្លាយជារបស់មានតម្លៃ។
ក្នុងវ័យ២៧ឆ្នាំ លោក សយ បញ្ញា ដែលបច្ចុប្បន្នរស់នៅភូមិត្រពាំងខ្ទម្ភ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទម្លាយឱ្យដឹងថា លោកធ្លាប់ធ្វើការឱ្យគេបានប្រាក់ចំណូលច្រើនគ្រាន់បើ តែលោកបានសម្រេចចិត្តលាឈប់ពីការងារដោយមាននិស្ស័យស្រលាញ់ចូលចិត្តការច្នៃវត្ថុផ្សេងៗ។
លោក សយ បញ្ញា ឬហៅថា លោកឆាដ រាជ ចង់បង្ហាញអោយបងប្អូនទាំងក្នុង និងក្រៅស្រុកដឹងថា ត្បូងថ្មក្នុងស្រុកយើងក៏អាចកែច្នៃបានផងដែរ ហើយធាតុផ្សំទាំងអស់នេះក៏ក្នុងស្រុកយើងមានស្រាប់ មិនចាញ់ស្រុកគេប៉ុន្មានទេ ដូច្នេះយើងមានធនធាន មានចំណេះអាចកែខៃបាន គឺពិតល្អណាស់ ជាជាងបើមានការបាត់បង់វាគួរអោយស្តាយ។
គួបផ្សំជាមួយនឹងចិត្តស្រឡាញ់ទៅលើប្រភេទថ្ម រ៉ែ ត្បូងផង យុវជនរូបនេះបានបោះបង់ការងារដែលមានតួនាទី និងទទួលបានប្រាក់ខែច្រើនផងនោះងាកមកប្រកបអាជីពធ្វើខ្សែដៃអង្កាំរាសីប្រភេទត្បូងដែលច្នៃចេញពីត្បូងថ្មវិញ បើទោះបីជាមិនទាន់មានគេស្គាល់ទូលំទូលាយក៏ដោយ។
ជាដំបូងត្រូវយកត្បូងថ្មមកបំបែកឬ អង្កន់សាច់ត្បូងថ្មទាំងនោះអោយមានទំហំប៉ុនៗគ្នា និងឆាបអោយមានទម្រង់ជារាងមូលទើបយើងយកវាទៅតែងរាងគ្រាប់អង្កាំនីមួយៗជាមួយ និងដុំតែងដើម្បីអោយមានផ្លែតូចចម្រុះផ្សេងៗ បន្ទាប់ពីយើងតេងហើយមើលទៅថាវាមូលល្អហើយ ទើបយកវាទៅចោះរុន។ ចំពោះការចោះរុននេះ គឺតម្រូវអោយមានការប្រុងប្រយ័ត្នដែរ ព្រោះបើយើងចោះមិនស្មើនោះទេ អាចធ្វើអោយប៉ែល ក្រងមិនស្អាតឡើយ ក្រោយចោះរួចនៅមិនទាន់សម្រេចទេ គឺយើងត្រូវយកអង្កាំដែលចោះហើយនោះទៅខាត់ច្រើនដងទៀតទើបធ្វើអោយអង្កាំភ្លឺ រលោងស្អាត ដូច្នេះទម្រាំសម្រេចបាននូវខ្សែដៃមួយខ្សែដ៏ស្រស់ស្អាត គឺចំណាយពេលវេលាយូរ និងផ្ចិតផ្ចង់ខ្លាំងទៅលើគ្រាប់អង្កាំនីមួយៗ។
លោកឆាដ រាជ បានឲ្យដឹងថា មានតម្លៃចាប់ពី៦០ដុល្លារឡើងទៅ ទៅតាមប្រភេទគុណភាពត្បូងថ្ម ឬទំហំធំ តូចនៃខ្សែដៃ ហើយក៏មានការចាប់អារម្មណ៍ និងការកម្មង់ទិញពីបងប្អូនក្នុង និងក្រៅស្រុកដោយពួកគាត់ពាក់ជាគ្រឿងលម្អ ហើយអ្នកខ្លះយល់ថា ជាគ្រឿងលើករាសីជាដើម ទើបមានការគាំទ្រជាហូរហែ ៕

អត្ថបទដែលជាប់ទាក់ទង