Banner KNP Detail Top

បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញក្តីសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារអ្នកស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅតួកគី និងស៉ីរី

បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញក្តីសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារអ្នកស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅតួកគី និងស៉ីរី

(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តាមរយៈ Facebook ផ្លូវការរបស់លោក បានបង្ហាញនូវការចូលរួមសោកស្តាយ និងរំលែកមរណទុក្ខជាមួយគ្រួសារអ្នកដែលបានស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅប្រទេសតួកគី និងប្រទេសស៉ីរី ដែលធ្វើឲ្យប្រជាជនរាប់ពាន់នាក់ស្លាប់ និងបាត់ខ្លួន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បង្ហោះសារមានខ្លឹមសារយ៉ាងដូច្នេះថា «សូមចូលរួមសោកស្ដាយជាមួយប្រជាជនតួកគី និងស៊ីរី ចំពោះគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរ ដែលបានសម្លាប់ជីវិតមនុស្ស បន្កឱ្យមានរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិឯកជនយ៉ាងដំណំ។ សូមចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារអ្នកដែលបានស្លាប់ ព្រមទាំងបួងសួងឱ្យបេសកកម្មជួយសង្គ្រោះទទួលបានជោគជ័យ»។
សូមជម្រាបថា គ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅប្រទេសតួកគី និងប្រទេសស៉ីរី កម្រិត ៧.៨រ៉ិចទ័រ បានកើនឡើងកាលពីទៀបភ្លឺថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលគិតត្រឹមព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនេះ កើនដល់លើស ៧,៨០០នាក់។
អាជ្ញាធរស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ១,៩៣២នាក់ បានស្លាប់ រីឯអាជ្ញាធរតួកគី ប្រកាសថាមនុស្សស្លាប់បានកើនដល់ ៥,៨៩៤នាក់។ មិនតែប៉ុណ្ណោះ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើន ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។ ចំណែកឯ ចំនួនអ្នករងរបួសវិញ មានដល់ទៅជិត ២០,៥០០នាក់នៅតួកគី និង ៣,៥០០នាក់ នៅក្នុងប្រទេសស៊ីរី។ តែព្រមពេលជាមួយគ្នា អង្គការ WHO បានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយមនុស្សជាង ២៣លាននាក់ នៅក្នុងប្រទេសទាំង២ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ អន្តរជាតិកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្រ្គោះ ដើម្បីជួយប្រទេសទាំងពីរ។
គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ប៉ុន្មានម៉ោងពីគ្នា ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី៕

អត្ថបទដែលជាប់ទាក់ទង